នៅថ្ងៃម្សិលមិញនេះ ក្រុមហ៊ុន Facebook បានប្រកាសផ្លាស់ប្តូរផ្ទាំង News Feed ដែលនឹងផ្តល់នូវអតិភាពថ្មីទៅដល់បណ្តាអ្នកសារព័ត៌មានក្នុងស្រុក ក្នុងការរំលេចដំណឹងថ្មីៗរបស់ខ្លួនទៅដល់មហាជនអ្នកប្រើប្រាស់បណ្តាញសង្គមដ៏ធំមួយនេះក្នុងតំបន់របស់ពួកគេ។ នេះបើយោងតាមលោក Mark Zuckerberg ប្រធានក្រុមហ៊ុន Facebook ថ្លែងក្នុងទំព័រ Facebook ផ្លូវការរបស់លោកម្សិលមិញនេះ។
ការផ្លាស់ប្តូរនេះ គឺជាផ្នែកមួយក្នុងការជំរុញកាន់តែខ្លាំងក្លាបន្ថែមទៀតពី Facebook ក្នុងការកែប្រែគេហទំព័របណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនឱ្យកាន់តែមានភាពស្និទ្ធស្នាល និងបង្ហាញមាតិកាដែលកាន់តែពាក់ព័ន្ធជាមួយអ្នកប្រើប្រាស់។
ជាមួយការធ្វើបច្ចុប្បន្នភាពថ្មីនេះ លោកអ្នកប្រហែលជានឹងចាប់ផ្តើមឃើញរឿងរ៉ាវជុំវិញខ្លួនបន្ថែមទៀត រំលេចឡើងនៅលើផ្ទាំង News Feed របស់ខ្លួន ពីបណ្តាអ្នកបោះផ្សាយមាតិកាព័ត៌មានក្នុងស្រុក ឬប្រទេស។ នេះគែដោយសារ Facebook ប្រើប្រាស់នូវទិន្នន័យភូមិសាស្រ្តដើម្បីកំណត់ឱ្យដឹងថា តើអ្នកបោះផ្សាយព័ត៌មានលើ Facebook មួយ ឋិតនៅតំបន់រស់នៅរបស់លោកអ្នក។
ជាលទ្ធផល ក្រុមអ្នកបោះផ្សាយព័ត៌មាននានាដែលលោកអ្នកចុច Like ឬ Follow ទំព័ររបស់ពួកគេ ឬមិត្ត Facebook របស់លោកអ្នកចែកបន្តមាតិកាព័ត៌មានរបស់ពួកគេ នឹងទទួលបានកម្រិតអាទិភាពថ្មីមួយលើផ្ទាំង News Feed របស់លោកអ្នក។
នេះគឺជាដំណឹងដ៏គួរឱ្យរីករាយសម្រាប់អ្នកបោះផ្សាយក្នុងតំបន់ ដែលមិនចង់ឱ្យមាតិកាព័ត៌មានរបស់ខ្លួនសាយភាពទៅដល់តំបន់ឆ្ងាយៗ ហើយលោក Mark សង្ឃឹមថា កំណែទាំងនេះ នឹងជួយធ្វើឱ្យមនុស្សកាន់តែដឹងពីរឿងហេតុជុំវិញខ្លួនរបស់ពួកគេ។
បន្ថែមពីលើនេះ Facebook ក៏កំពុងសាកល្បងជំពូកថ្មីមួយទៀតហៅថា Today In ដែលវានឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចភ្ជាប់ខ្លួនរបស់ពួកគេបានកាន់តែស៊ីជម្រៅជាមួយដំណឹង និងព័ត៌មាននៅជុំវិញតំបន់រស់នៅរបស់ពួកគេ។ ខណៈលក្ខណៈពិសេសថ្មីនេះ កំពុងឋិតក្នុងការសាកល្បងនៅឡើយ ដោយមានតែអ្នកប្រើប្រាស់នៅទីក្រុងមួយចំនួននៃសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលអាចប្រើប្រាស់វាបាន៕
ប្រភពព័ត៌មានៈ Phonearena
មតិយោបល់