ព័ត៌មានបច្ចេកវិទ្យា

បែកធ្លាយ! iPhone 7s រាងធំ និងក្រាស់ជាង iPhone 7 បច្ចុប្បន្ន

នេះគឺជារឿងដ៏កម្រមួយដែលព័ត៌មានទាក់ទងទៅនឹងលក្ខណៈសម្បត្តិខាងក្រៅរបស់ទូរសព្ទ iPhone 7s ត្រូវបានទម្លាយចេញ ដោយកន្លងមកភាគច្រើន គឺគេរាយការណ៍តែអំពី iPhone 8 ប៉ុណ្ណោះ។

តាមពិតទៅ ក្នុងឆ្នាំ ២០១៧ នេះ ក្រុមហ៊ុន Apple ត្រូវគេជឿថា នឹងបញ្ចេញ​ផលិតផលទូរសព្ទដៃរបស់ខ្លួនចំនួន ៣ ម៉ូឌែល ហើយក្នុងនោះ គឺមានពីរម៉ូឌែលនឹងជា iPhone 7s និង 7s Plus ដែលតាមទម្លាប់របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក វាមានការកែប្រែរូបរាងខាងក្រៅតែបន្តិចបន្តួចប៉ុណ្ណោះ។

យោងតាមទំព័រប្លុកមួយដែលស្និទ្ធនឹងក្រុមហ៊ុន Apple នៅអាល្លឺម៉ង់ បានបើកបង្ហាញរូបរាងនៃមាត្រដ្ឋានខាងក្រៅដ៏កម្រមួយរបស់ iPhone 7s ហើយបើតាមរង្វាស់ វាមានទំហំធំជាង និងកម្រាស់ក្រាស់ជាង iPhone 7 នាពេលបច្ចុប្បន្ន គិតទាំងភ្នែកកាមេរ៉ាក្រោយដែលលៀនចេញបន្តិច។ ពោលគឺ iPhone 7s មានមាត្រដ្ឋាន ១៣៨.៤៤ (បណ្តោយ) x ៦៧.២៧ (ទទឹង) x ៧.២១ (កម្រាស់) មីល្លីម៉ែត្រ ឯ iPhone 7 មានមាត្រដ្ឋាន ១៣៨.៣១ x ៦៧.១៤ x ៧.១ មីល្លីម៉ែត្រ។

តាមរយៈរូបមួយសន្លឹកនោះ អ្នកទម្លាយវាបានអះអាងថា ផ្តល់ដោយក្រុមហ៊ុនផលិតសម្បកទូរសព្ទមួយ ដែលពួកគេទទួលបានប្រភពមកពីក្រុមហ៊ុន Foxconn ជាក្រុមហ៊ុនរោងចក្រដំឡើង iPhone ឱ្យក្រុមហ៊ុន Apple។

ទោះយ៉ាងណា​​ នេះគ្រាន់តែជាព័ត៌មានចចាមអារ៉ាមតែប៉ុណ្ណោះ។ ចំពោះការពិតឬយ៉ាងណានោះ គឺមានតែប្រិយមិត្តរងចាំតាមដានជាមួយ Post Tech នៅថ្ងៃប្រកាសចេញរបស់វា ដែលគេជឿថា នឹងធ្វើឡើងនៅអំឡុងថ្ងៃទី ៦-៩ ខែក្រោយនេះប៉ុណ្ណោះ៕

ប្រភពព័ត៌មានៈ

មតិយោបល់