ព័ត៌មានបច្ចេកវិទ្យា

ការសិក្សាថ្មី! វិទ្យុសកម្មទូរសព្ទ មិនប៉ះពាល់ដល់សុខភាពមនុស្ស

យោងតាមរបាយការណ៍ស្រាវជ្រាវថ្មីមួយចេញពីរដ្ឋាភិបាលអាមេរិក បានរកឃើញថា រលកវិទ្យុសកម្មសាយភាយចេញពីទូរសព្ទដៃ គឺមិនបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់អ្វីឡើយ។

ការសន្និដ្ឋានបែបនេះ គឺធ្វើឡើងបន្ទាប់ពីអ្នកស្រាវជ្រាវមួយក្រុមបានពិសោធ​សត្វកណ្តុរញីឈ្មោលមួយគូ ដោយដាក់ពួកវាឱ្យរស់នៅកន្លែងដែលពោរពេញទៅដោយជាតិ​វិទ្យាសកម្មទូរសព្ទកម្រិតខ្ពស់ខ្លាំងនៃប្រព័ន្ធ 2G និង 3G រយៈពេល ២ ឆ្នាំ។

លទ្ធផលបង្ហាញថា កណ្តុរឈ្មោលឃើញមានដុះដុំសាច់បេះដូងតូចមួយ ខណៈកណ្តុរ​ញឺមិនមាន ហើយនៅក្នុងការសិក្សាលើកទីពីរ វាទាំងពីរពុំឃើញមានបញ្ហាសុខភាពអ្វីនោះទេ។

ចំពោះបញ្ហាកណ្តុះឈ្មោះមានដុះដុំសាច់តូចជុំវិញបេះដូងនោះ អ្នកជំនាញនិយាយថា កុំបាច់បារម្ភអី ព្រោះហ្រេ្វកង់ប្រើសម្រាប់សាកលើសត្វកកេរទាំងពីរ គឺមានកម្រិតខ្ពស់ជាងហ្វ្រេកង់កម្រិតធ្ងន់បំផុតដែលអ្នកប្រើប្រាស់ទូរសព្ទធ្លាប់ទទួលរង។

ដោយឡែក បើទោះជាការសិក្សាទាំងពីរលើករកមិនឃើញភស្តុតាងច្បាស់លាស់ថា វិទ្យុសកម្មទូរសព្ទមិនបង្កការដុះដុំសាច់ក្នុងខួរក្បាល ឬមហារីកក៏ដោយ ក៏ក្រុមអ្នកស្រាវជ្រាវនៅតែបន្តស៊ើបអង្កេតបន្ថែមទៀតដែរ។

គួរបញ្ជាក់ថា ទូរសព្ទដៃពិតជាសាយភាយវិទ្យុសកម្មមែន ប៉ុន្តែ វាខុសពីជាតិវិទ្យុសកម្មចេញពីកាំរស្មី X ឬប្រភេទអីុយ៉ូដ ដែលអាចចូលទៅបំផ្លាញ់កោសិកា DNA របស់មនុស្ស និងបង្កជាដុំសាច់ក្នុងខួរក្បាល ឬមហារីកផ្សេងៗ។ ម្យ៉ាងទៀត វាក៏មានថាមពលទាបជាងវិទ្យុសកម្មអីុយ៉ុងខ្លាំងផងដែរ៕

ប្រភពព័ត៌មានៈ theverge

មតិយោបល់