យោងតាមរបាយការណ៍មួយចេញផ្សាយនៅថ្ងៃនេះ ដោយផ្អែកលើកូដកម្មវិធីដែលបានរកឃើញនៅក្នុងប្រព័ន្ធ iOS 11.3 ជំនាន់សាកល្បង បានបង្ហាញថា ក្រុមហ៊ុន Apple នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ iPhone ឬ iPad ចុះឈ្មោះចូលទៅកាន់គេហទំព័រផ្សេងៗដោយប្រើ Apple ID តែមួយ។
ត្រឡប់មកវិញ គេហទំព័រទាំងនោះនឹងអាចប្រមែប្រមូលព័ត៌មានក្នុងដែនកំណត់មួយពីគណនី iCloud របស់អ្នកប្រើប្រាស់ ដែលអាចគ្រាន់តែជាឈ្មោះ និងអាសយដ្ឋានអីុម៉ែលពិតជាក់លាក់របស់ពួកគេ។ ទិន្នន័យទាំងនោះបូកបន្ថែម Apple ID នឹងល្មមគ្រប់គ្រាន់សម្រាប់គេហទំព័រមួយផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ម្នាក់បានហើយ។
មុខងារមួយផ្សេងទៀតដែលគេកត់សម្គាល់ឃើញផងដែរនោះគឺ អ្នកប្រើប្រាស់នឹងអាចប្រើកាមេរ៉ា iPhone ឬ iPad ស្គេន QR Code និងទទួលបាននូវសំណើដើម្បីចុះឈ្មោះទៅកាន់គេហទំព័រមួយដោយប្រើ Apple ID របស់ខ្លួន។ មុខងារថ្មីនេះ នឹងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ iOS Devices ចូលទៅកាន់គេហទំព័រផ្សេងៗ ដោយមិនចាំបាច់ប្រើអាសយដ្ឋាន និងលេខសម្ងាត់គណនីដទៃដូចជា Gmail ឬ Yahoo។
គេមិនធានាថា iOS 11.3 ជំនាន់សម្រេចនឹងភ្ជាប់ជាមួយលក្ខណៈពិសេសខាងលើនេះនោះទេ ប៉ុន្តែ មានហេតុផលពីរអាចនាំឱ្យគេជឿជាក់ថា Apple នឹងធ្វើដូច្នោះ។ ទីមួយគឺ ក្រុមហ៊ុនមានរួចទៅហើយប្រព័ន្ធចុះឈ្មោះឯកសម្រាប់ Apple TV និងទីពីរគឺ ការប្រើប្រាស់ Apple ID តែមួយដូច្នេះ នឹងផ្តល់អត្ថប្រយោជន៍ច្រើនដល់អ្នកប្រើប្រាស់ប្រព័ន្ធ iOS ក្នុងការចូលទៅកាន់គេហទំព័រខុសៗគ្នាច្រើន៕
ប្រភពព័ត៌មានៈ9to5Mac
មតិយោបល់