ព័ត៌មានបច្ចេកវិទ្យា

Huawei P20 Plus នឹងបំពាក់ថ្មធំដល់ ៤,០០០mAh និងអេក្រង់​ OLED

ខណ:ព្រឹត្តិការណ៍បើកបង្ហាញស្មាតហ្វូនលំដាប់កំពូលរបស់ខ្លួនកាន់តែខិតជិតចូលមកដល់នាថ្ងៃទី ២៧ មីនា នាទីក្រុងបារីស ព័ត៌មានស្តីពីលក្ខណ:សម្បត្តិនៃសមាជិកគ្រួសារស្មាតហ្វូនបន្ទាប់របស់ក្រុមហ៊ុន Huawei ត្រូវបានលេចឮកាន់តែច្រើនឡើងៗ។

តាមការរំពឹងទុក Huawei នឹងចេញទូរសព្ទត្រកូល P ស៊េរីបន្ទាប់ចំនួន ៣ ម៉ូឌែលគឺ P20 Lite, P20, និង P20 Plus។ ក្នុងនោះ P20 Plus ត្រូវគេរាយការណ៍មកថា នឹងប្រើប្រាស់ថ្មទំហំរហូតដល់ ៤០០០ មីល្លីអំព៊ែរ ហើយអាចនឹងបំពាក់អេក្រង់ប្រភេទ OLED ដោយសារគេទើបរកឃើញព័ត៌មានថ្មីមួយបង្ហាញថា វានឹងភ្ជាប់មកជាមួយមុខងារ Always on Display ដូចជា Mate 10 Pro ដែលប្រើអេក្រង់ OLED ខុសពី Mate 10 ដែលប្រើអេក្រង់ប្រភេទ LCD។

គួររំឭកថា យោងតាមលិខិតអញ្ជើញក្នុងព្រឹត្តិការណ៍ថ្ងៃទី ២៧ មីនា គួបផ្សំព័ត៌មានចចាមអារ៉ាមជាច្រើនកន្លងមក បានឱ្យគេជឿថា Huawei P20 អាចនឹងចេញមកគ្រងតំណែងស្មាតហ្វូនបំពាក់កាមេរ៉ាក្រោយ ៣ គ្រាប់ នៅខាងក្រោយដំបូងគេបង្អស់របស់ពិភពលោក។ ដោយការបន្ថែមភ្នែកថែមមួយនេះ វានឹងធ្វើឱ្យ P20 មានសមត្ថភាពអាចយឹតរូបភាពមកជិតដល់ទៅ ៥ តង់ តាមបែប Hybrid (ប្រើ Software និង Hardware រួមគ្នា)។

ក្នុងលិខិតអញ្ជើញដដែលក៏មានភ្ជាប់មកជាមួយពាក្យ “See mooore with AI” គឺបានសេចក្តីថា ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន នឹងបង្កើនសមត្ថភាពប្រព័ន្ធបញ្ញាសិប្បនិម្មិត AI របស់ខ្លួនបន្ថែមទៀត។
បន្ថែមពីលើនេះ បើយោងតាមព័ត៌មានចចាមអារ៉ាមចុងក្រោយបានលើកឡើងឱ្យដឹងថា អេក្រង់ស្មាតហ្វូន Huawei ស៊េរី P20 នឹងមានគែមខាងលើឆកបន្តិចដូចជា iPhone X អីចឹងដែរ។

ដោយឡែក តាមការរំពឹងទុក P20 នឹងចេញមកជាមួយជម្រើសអេក្រង់ទំហំពី ៥.៨ អ៊ីញ ទៅ ៦ អ៊ីញ ខ្នាតបញ្ចាំងរូបភាព ១០៨០x២២៨០ ភិចសែល ដែលនេះអាចប្រើជាមួយមាត្រដ្ឋានអេក្រង់ ១៩:៩ (បណ្តោយ ១៩ សង់ទីម៉ែត្រ, ទទឹង ៩ សង់ទីម៉ែត្រ) របស់ទូរសព្ទបាន៕

 

មតិយោបល់