ព័ត៌មានសេដ្ឋកិច្ច

ហេតុអ្វី មេដឹកនាំគំរូ ធ្វើការដើម្បីតែប្រាក់បៀវត្ស ១ដុល្លារ ក្នុងមួយឆ្នាំ?

កំពូលមេដឹកនាំគំរូដូចជា លោក Steve Jobs លោក Mark Zuckerberg និងលោក Donald Trump សុទ្ធតែធ្វើការដើម្បីតែប្រាក់បៀវត្ស ១ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយឆ្នាំ។

នៅពេលក្លាយជាមេដឹកនាំ មនុស្សភាគច្រើនតែងតែគិតថា ពួកគេមានទំនួលខុសត្រូវខ្ពស់ណាស់ ដែលទាមទារឲ្យប្រាក់បៀវត្សខ្ពស់ដូចគ្នា ប៉ុន្តែបុគ្គលជោគជ័យពិតប្រាកដ មិនមែនធ្វើការដើម្បីតែប្រាក់ខែនោះទេ។

បុគ្គលជោគជ័យទាំង ៣រូបខាងលើ មានប្រាក់បៀវត្សតែ ១ដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងមួយឆ្នាំ ដែលនេះជាច្បាប់កំណត់ឲ្យទទួលយកប្រាក់អប្បបរមា។

លោក Mark Zuckerberg ធ្លាប់និយាយថា «ខ្ញុំមានលុយគ្រប់គ្រាន់ហើយ មកដល់ចំនុចនេះ ខ្ញុំត្រូវផ្តោតលើអ្វីដែលចាំបាច់បំផុត និងត្រូវធ្វើឲ្យបានល្អបំផុត ដោយប្រើប្រាស់ធនធានដែលខ្ញុំកំពុងមាន» ពោលគឺ ត្រូវប្រើប្រាស់ទ្រព្យបច្ចុប្បន្ន ឲ្យមានប្រសិទ្ធភាពបំផុត ជាជាងចង់បានទ្រព្យបន្ថែម តែមិនដឹងយកធ្វើអ្វី។

លោក Steve Jobs លះបង់ប្រាក់បៀវត្សរាប់លានដុល្លារ ហើយបង្វិលប្រាក់ខែទាំងនោះ ធ្វើជាដើមទុនក្រុមហ៊ុន ដើម្បីវិនិយោគឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ហើយលោកធ្លាប់ពោលថា «ក្លាយជាមហាសេដ្ឋីនៅវាលកប់ខ្មោច មិនសំខាន់នោះទេ ធ្វើរឿងមួយដ៏អស្ចារ្យមុនចូលគេង ទើបវាសំខាន់» មានន័យថា គាត់ស្លាប់ទៅ ក៏មិនអាចយកទ្រព្យទាំងនោះទៅបានដែរ មានតែលះបង់វា ដើម្បីអ្វីដែលសំខាន់ជាងនេះ ទើបមានន័យសម្រាប់ជីវិត។

លោក Donald Trump ក៏សុខចិត្តលះបង់ប្រាក់បៀវត្សនោះដែរ ដោយលោកបញ្ជាក់ថា ប្រាក់បៀវត្សមិនមែនជារឿងធំដុំសម្រាប់លោកឡើយ ព្រោះលោកធ្វើការដើម្បីប្រជាជន និងដើម្បីប្រទេសជាតិ។

គួរបញ្ជាក់ផងដែរថា នៅមានហេតុផលជាច្រើនទៀត ដែលមេដឹកនាំធំៗ យកប្រាក់បៀវត្សទាប ដើម្បីទទួលបានការលើកលែងពន្ធ ការផ្តល់ធានារ៉ាប់រងផ្សេងៗ ប៉ុន្តែមេដឹកនាំដែលជោគជ័យ គឺមិនមែនធ្វើការដើម្បីតែប្រាក់ខែនោះទេ គឺពួកគេធ្វើការដើម្បីគោលដៅ និងក្តីសុបិនមួយដ៏ជាក់លាក់៕

job-mark-trump1

មតិយោបល់