ព័ត៌មានសេដ្ឋកិច្ច

អាមេរិក និងចិនតៃប៉ិ គ្រោងវិនិយោគពង្រីកសង្វាក់ផលិតកម្មកង់ នៅកម្ពុជា

គណ:ប្រតិភូក្រុមហ៊ុនផលិតកង់របស់អាម៉េរិក និងចិនតៃប៉ិ ដែលបានបណ្តាក់ទុន នៅកម្ពុជា មានបំណងពង្រីកការវិនិយោគលើគ្រឿងបង្គុំផ្សេងៗ សម្រាប់ដំឡើងកង់ ដែលមានលក្ខណ: ពេញលេញជាផលិតផលសុទ្ធ ១០០ភាគរយ របស់កម្ពុជា (Made in Cambodia) ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយ របស់ក្រសួងពាណិជ្ជកម្ម។

​លោក Robert Margevicius តំណាងក្រុមហ៊ុនផលិតកង់អាមេរិក និងចិនតៃប៉ិ បានលើកឡើងថា កម្ពុជាបានក្លាយជាប្រទេសដំឡើង និងផលិតនាំចេញកង់ធំបំផុត លំដាប់ ទី២ នៅលើពិភពលោក ដែលមានចំណែកទីផ្សារនៅសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក កាណាដា អាស៊ាន និងប្រទេសអាស៊ីផ្សេងទៀត ក៏ប៉ុន្តែកម្ពុជាពុំមានរោងចក្រផលិតគ្រឿងបង្គុំកង់នៅឡើយ គឺត្រូវនាំចូលពីប្រទេសផ្សេងៗ។

លោកបានស្នើសុំក្រសួងពាណិជ្ជកម្ម ជួយគាំទ្រគម្រោងនេះ ដើម្បីក្រុមហ៊ុនទាំងអស់ អាចចូលរួមធ្វើពិពិធកម្មវិស័យការងារ និងអភិវឌ្ឍន៍ សេដ្ឋកិច្ចជាមួយរាជរដ្ឋាភិបាលកម្ពុជា។

​ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានគាំទ្រទាំងស្រុងចំពោះគម្រោងវិនិយោគនេះ ហើយបានណែនាំដល់មន្ត្រីជំនាញធ្វើការ សម្របសម្រួល និងដោះស្រាយបញ្ហាផ្សេងៗ ដើម្បីឱ្យគម្រោងនេះដំណើរការទៅ ដោយរលូន។

តាមរបាយការណ៍ពីសភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំនៅកម្ពុជា បានបង្ហាញថា កាលពីឆ្នាំ ២០១៧ កម្ពុជាបានផលិត និងដំឡើង កង់នាំចេញទៅកាន់ទីផ្សារពិភពលោកចំនួន ១.៨២៤.៨៩៥គ្រឿង គិតជាទឹកប្រាក់ស្មើនឹង ៣៦១លានដុល្លារអាម៉េរិក គឺបានកើនឡើង ២៩ភាគរយ បើធៀបនឹងឆ្នាំ២០១៦។ តំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត ខេត្តស្វាយរៀង ជិតព្រំដែនកម្ពុជា និងវៀតណាម គឺជាទីតាំងផលិត និងដំឡើងកង់ធំបំផុតរបស់កម្ពុជា៕

មតិយោបល់