កម្ពុជា បាននិងកំពុងប្រែក្លាយឧស្សាហកម្មដែលប្រើប្រាស់កម្លាំង ទៅជាឧស្សាហកម្មដែលប្រើប្រាស់ជំនាញ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា គឺធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្ម។ នេះបើយោងតាមការលើកឡើងកាលពីម្សិលមិញនេះរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
លោកបានបន្តថា កម្ពុជា នឹងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្ម ពីការប្រើប្រាស់កម្លាំងអតិពលកម្ម ទៅជាកម្លាំងពលកម្មដែលមានជំនាញខ្ពស់នៅឆ្នាំ ២០២៥ ដើម្បីតភ្ជាប់ចង្វាក់តម្លៃ និងធ្វើសមាហរណកម្មបណ្តាញផលិតកម្មរបស់កម្ពុជាទៅក្នុងតំបន់ និងពិភពលោក។
បច្ចុប្បន្ន កម្ពុជា បានប្រែក្លាយជាកូនខ្លាសេដ្ឋកិច្ចមួយនៅក្នុងតំបន់ ហើយការរក្សាទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសជាដៃគូ គឺមានសារៈសំខាន់ណាស់ ក្នុងការធ្វើពិពិធកម្មការនាំចេញរបស់កម្ពុជា ក្រោមកម្មវិធីអនុគ្រោះពន្ធផ្សេងៗ។
លោក ប៉ាន សូរស័ក្តិ ក៏បានសំនូមពរដល់អាជីវករ ពាណិជ្ជករ និងប្រតិបត្តិក្នុងវិស័យទេសចរណ៍ ជួយគាំទ្រផលិតផលខ្មែរជាអតិបរមា ដើម្បីផ្តល់ឱកាស និងកម្លាំងចិត្តជូនផលិតករ និងប្រជាកសិករខ្មែរ ប្រឹងប្រែងកែលម្អគុណភាពផលិតផល និងសេវាកម្មឲ្យកាន់តែប្រសើរ។
គួរបញ្ជាក់ដែរថា យោងតាមទិន្នន័យរបស់ CDC ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានកំណើនពីប្រមាណ ៩៥០០លានដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០១០ កើនឡើងដល់ប្រមាណជិត ២ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំ ២០១៥កន្លងទៅ៕
មតិយោបល់