ក្រុមហ៊ុនចិនប្រមាណជា ៦០ក្រុមហ៊ុន បានប្រកាសស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ដើម្បីរួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអាជីវកម្ម ក្នុងវិស័យនានា រវាងប្រទេសទាំងពីរ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយកាលពីម្សិលមិញនេះ។
លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោ ជីន យ៉ូហួយ អភិបាលខេត្តជីលីង នឹងបានឲ្យដឹងថា វេទិកាពាណិជ្ជកម្មនេះ ជាឱកាសដ៏ប្រពៃមួយ សម្រាប់ពាណិជ្ជករនៃប្រទេសទាំងពីរ ដែលបានជួបពិភាក្សា និងសិក្សាស្វែងយល់ពី សក្តានុពលសម្រាប់ការវិនិយោគ ក៏ដូចជា ឱកាសសម្រាប់ចាប់ដៃគូគ្នា ធ្វើអាជីវកម្មរួម។
លោក ជីន យ៉ូហួយ បានឲ្យដឹងថា គោលបំណងសំខាន់នៅពេលនេះគឺ ចង់សាងសង់ឲ្យមានឃ្លាំងស្តុកស្រូវអង្ករ និងឧទ្យានឧស្សាហកម្មនៅកម្ពុជា។
លោកបន្តថា ក្រុមហ៊ុន សហគ្រាស ដែលអញ្ជើញមកកម្ពុជាពេលនេះ រួមមាន ក្រុមហ៊ុនខាងផ្នែកសំណង់ ផ្នែកព័ត៌មានវិទ្យា បច្ចេកវិទ្យា ទូរគមនាគមន៍ និងក្រុមហ៊ុនខាងផ្នែកផលិតរថយន្តជាដើម។
គួរជម្រាបដែរថា ក្នុងយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ចពាណិជ្ជកម្ម ប្រមុខដឹកនាំនៃប្រទេសទាំងពីរបានដាក់ចេញនូវ ផែនការបង្កើនទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរ ឲ្យសម្រេចបានទឹកប្រាក់ចំនួន ៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៧នេះ៕
មតិយោបល់