ព័ត៌មានសេដ្ឋកិច្ច

ផ្លូវរថភ្លើងភ្ជាប់ទៅ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ គ្រោងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ ២០១៧

គម្រោងតភ្ជាប់ផ្លូវរថភ្លើងធនស្រាលចំនួន ២ខ្សែ ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងទៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលគ្រោងចំណាយទឹកប្រាក់ប្រមាណ ៤លានដុល្លារអាមេរិក និងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ ២០១៧ខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងកាលពីពេលថ្មីៗនេះពី លោក Jonh Guiry អគ្គនាយកក្រុមហ៊ុនផ្លូវដែក Royal Railway។

លោកបន្តថា ការសាងសង់ផ្លូវបំបែកចូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ គឺមានប្រវែងតែ ៣០ម៉ែត្រប៉ុណ្ណោះ ពីផ្លូវដែកដែលមានស្រាប់នៅខាងក្រៅរបងរបស់តំបន់សេដ្ឋកិច្ចពិសេស ដូច្នេះវាមានភាពងាយស្រួល ហើយអាចចាប់ផ្តើមការសាងសង់ផ្លូវបំបែកនេះ នៅខែមករា ឆ្នាំ ២០១៧ នៅពេលរដូវភ្លៀងចប់ និងដីស្ងួត។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងដែរថា ខ្សែផ្លូវដែកភាគខាងជើងរបស់ប្រទេសកម្ពុជា រំពឹងនឹងអាចបញ្ចប់នៅចុងឆ្នាំនេះ ហើយអាចចាប់ផ្តើមសាងសង់បំបែកចូលតំបន់សេដ្ឋកិច្ចពិសេស ដែលជួយកាត់បន្ថយចំណាយក្នុងការធ្វើដំណើររបស់កម្មករ និងចំណាយលើថ្លៃដឹកជញ្ជូនទំនិញផងដែរ។

លោកបានបន្តថា ខ្សែរថភ្លើងធនស្រាលនេះ នឹងជួយសម្រួលដល់ការកកស្ទះចរាចរណ៍ របស់ប្រជាពលរដ្ឋ ដែលត្រូវការធ្វើដំណើរទៅមករវាង ភ្នំពេញ-ព្រលានយន្តហោះភ្នំពេញ-តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បើទោះបីជាវាមានល្បឿនយឺតក៏ដោយ។

យ៉ាងណាមិញ គម្រោងនេះ កំពុងរង់ចាំផែនការច្បាស់លាស់ ខណៈផ្លូវរថភ្លើងថ្មីនេះ អាចនឹងរត់នៅលើផ្លូវចាស់ ទៅកាន់ខេត្តព្រះសីហនុ ដែលឆ្លងកាត់ព្រលានយន្តហោះដូចគ្នា ហើយកំពុងតែរកកន្លែងសមស្រប ដើម្បីចូលទៅកាន់ព្រលានយន្តហោះ។

បច្ចុប្បន្ន គម្រោងនេះកំពុងស្ថិតក្រោមការសិក្សា ហើយអាចនឹងជំនួសគម្រោងសាងសង់ផ្លូវល្បឿនលឿន ដែលត្រូវបានលុបចោលកាលពីដើមខែមេសា កន្លងទៅ៕

មតិយោបល់