ស្ពានជ្រោយចង្វារថ្មី ឆ្លងកាត់ទន្លេសាប នឹងជួយប្រែក្លាយតំបន់ជ្រោយចង្វារ ទៅជាតំបន់ពាណិជ្ជកម្មអន្តរជាតិថ្មីមួយ អាចបំពេញបានគ្រប់មហិច្ឆតា ក្នុងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងរបៀបនៃការរស់នៅ ដែលអាចទាក់ទាញវិនិយោគិនទាំងក្នុង និងក្រៅប្រទេស និងជួយបង្កើនកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សផងដែរ។
តាមការបង្ហាញឲ្យដឹងរបស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំជាមួយមន្រ្តីជំនាញសាលារាជធានីភ្នំពេញ គឺគម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេសាបនេះអាចនឹង ត្រូវធ្វើឡើងនៅពេលឆាប់ៗនេះ ដោយត្រៀមកញ្ចប់ថវិការួចរាល់អស់ហើយ។
លោកបញ្ជាក់ថា ក្រុមមន្រ្តីជំនាញនឹងចុះសិក្សាពីទីតាំង ដែលត្រូវស្ថាបនាស្ពាន និងការតភា្ជប់ជាមួយនឹងតំបន់អភិវឌ្ឍក្រុងរណបជ្រោយចង្វារ របស់ក្រុមហ៊ុនអូស៊ីអាយស៊ី ដើម្បីបង្កើតប្រព័ន្ធចរាចរណ៍ឲ្យមានភាពស៊ីសង្វាក់គ្នា ររវាងត្រើយខាងលិច និងត្រើយខាងកើត។
តំបន់ជ្រោយចង្វារ មានបណ្តាញដឹកជញ្ជូនទំនិញយ៉ាងទូលំទូលាយ ក្នុងមហាអនុតំបន់ទន្លេមេគង្គ ដែលនឹងបើកទ្វារសម្រាប់ឱកាសធ្វើពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់ទាំងមូល។
គម្រោងអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជន OCIC និងមានហិរញ្ញទានដោយធនាគារកាណាឌីយ៉ា នឹងមាន ៤ដំណាក់កាលចាប់ពីឆ្នាំ ២០១៥ រហូតដល់ឆ្នាំ ២០២៣។
ទីក្រុងរណបជ្រោយចង្វារ បាននិងកំពុងបង្ហាញរូបរាងនៅតំបន់គល់ស្ពានជ្រោយចង្វារ ក្រោមការវិនិយោគទុនប្រមាណជា ១.៦ពាន់លានដុល្លារអាមេរិក ដែលនឹងសាងសង់នៅលើផ្ទៃដីជាង ៣០០ហិកតា។
លើសពីនេះទៅទៀត ក៏មានកាណូតកម្សាន្តទេសចរណ៍ គម្រោងបើកផ្សារទិញទំនិញតាមដងទន្លេ ដែលជាចំណុចទាក់ទាញមួយ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិមកពីជុំវិញសកលលោក។
គួរជម្រាបដែរថា គម្រោងទីក្រុងរណបមួយនេះ ក៏មានផ្សារទំនើប ផ្សាររាត្រី អគារពាណិជ្ជកម្ម លំនៅដ្ឋានការិយាល័យ សាលារៀនអន្តរជាតិ ខុនដូ ផ្ទះល្វែងអាជីវកម្ម សួនកំសាន្ត និងកន្លែងហាត់កីឡា ជាដើម៕



មតិយោបល់