កណ្តាលៈ ប្រជាពលរដ្ឋប្រមាណជាង១០០នាក់ បាននាំគ្នាមកប្រមូលផ្តុំប្រឆាំងនឹងការអនុ វត្តសាលក្រមតុលាការកំពូល ឲ្យរុះរើលំនៅដ្ឋានមួយ ដោយនាំគ្នាស្រែកថា អយុត្តិធម៌ណាស់ទីបំផុតអាជ្ញាសាលាបានត្រឹមតែអានសាលក្រមរួចក៏នាំគ្នាត្រឡប់ទៅវិញ។
ការអនុវត្តកាលពីព្រឹកថ្ងៃទី៧ ធ្នូ ២០១៦ នេះ ត្រូវបានបរាជ័យ ដោយសារតែ មានការប្រឆាំងយ៉ាងដាច់អហង្ការពីសំណាក់ពលរដ្ឋនៅជិតខាង មន្ត្រីអាជ្ញាសាលាដែលចុះមកអនុវត្តបានបង្ខំចិត្តដកថយទៅវិញ បន្ទាប់ពីអានសាលក្រមរួច ដោយពុំបានធ្វើការរុះរើសម្រេចទៅតាមអំណាចសាលក្រមនោះទេ។
ប្រជាពលរដ្ឋដែលនាំគ្នាមកជួយតវ៉ាបាននិយាយថា មូលហេតុដែលពួកគាត់នាំគ្នាមកជួយប្រឆាំងតវ៉ានេះ គឺមកពីមើលឃើញភាពអយុត្តិធម៌ខ្លាំងពេក ហើយបានបញ្ជាក់ថា ដី ដែលតុលាការចុះមករុះរើនេះ គឺពិតជាកម្មសិទ្ធិរបស់ឈ្មោះ អាំ ហាយ ដែលបងស្រីរបស់គាត់ឈ្មោះ អាំ វ៉ាន ចែកឱ្យកាលពីឆ្នាំ១៩៩៦ ដោយសារតែ លោក អាំ ហាយ ជាអ្នកទួលភារៈចិញ្ចឹមមើលថែបងស្រី។ ចំណែកឯឈ្មោះ អាំ សុខ គឺមានដីនិងផ្ទះនៅផ្នែកខាងក្រោយទេ តែ ដល់ក្រោយមកស្រាប់តែប្តឹងទាមទារយកដីរបស់ អាំ ហាយ ដែលនៅខាងមុខទៅវិញ ហើយក៏ត្រូវតុលាការកាត់ឱ្យ អាំ ហាយ ចាញ់រហូតតាំងពីសាលាដំបូងដល់កំពូល ហើយថែមទាំងនិយាយ ពួកគាត់ស៊ូស្លាប់មិនអនុញ្ញតឱ្យរុះរើដាច់ខាត។
មន្ត្រីអាជ្ញាសាលា លោក ហេង ប៊ុនឡុង មានប្រសាសន៍យ៉ាងខ្លីថា លោកមកនេះគ្រាន់តែអនុវត្តតាមសាលក្រមរបស់តុលាការកំពូលប៉ុណ្ណោះ រឿងអ្វីទៀតលោកមិនបានដឹងនោះទេ ហើយក្រោយពីអានសាលក្រមរួចរាល់ គឺចាត់ទុកជាបានការហើយ។
ចំណែកឯលោក អាំ សុខ បានប្រាប់ថា ដីនេះតាមពិតជាកម្មសិទ្ធិរបស់បងស្រីរបស់គាត់ឈ្មោះ អាំ វ៉ាន បានបែងចែកមកឱ្យគាត់និងក្មួយស្រី២នាក់ទៀតស្មើៗគ្នា ប៉ុន្តែក្រោយមកឈ្មោះ អាំ សុខ បានលក់ដីចំណែករបស់ខ្លួន ទៅនៅខាងក្រោយដីរបស់ខ្ញុំ ហើយថែមទាំង បានឃុបឃិតគ្នាជាមួយ អាំ ចំរើន ជាប្អូនមកប្តឹងទាមទារដីនេះទៅវិញ ក្រោយពីបងស្រីរបស់ខ្ញុំស្លាប់កាលពីឆ្នាំ២០១១។ ហើយដោយសារតែក្មួយៗមានប្រាក់ ទើបបានតុលាការកាត់ក្តីឱ្យខ្ញុំចាញ់ និងបង្ខំឱ្យខ្ញុំរុះរើផ្ទះ ហើយចុងក្រោយក៏សូមអំពាវនាវឱ្យតុលាការមេត្តាពិនិត្យសើរើរឿងក្តីនេះឡើងវិញ ដើម្បីផ្តល់យុត្តិធម៌ឱ្យខ្ញុំផងទៅចុះ។
ដោយឡែកលោក អ៊ូច សុភី ដែលតំណាងឱ្យភាគីឈ្នះក្តី បានពន្យល់ថា ធាតុពិតករណីនេះ តុលាការបានសម្រេចថា បានចែកដីនៅជាប់មុខផ្លូវឱ្យប្អូនរបស់គាត់ តាមប្លង់ត្រឹមត្រូវ គ្រាន់តែភាគី អាំ ហាយ មិនសុខចិត្ត ចង់បានដីនៅជាប់មុខផ្លូវលេខ១១៥ ព្រោះមានតម្លៃ និងស្រួលរកស៊ី។ តែទោះជាយ៉ាងណា លោកបានបញ្ជាក់ថា លោកមិនចង់វែងឆ្ងាយតក្តីក្តាំ ទៀតនោះទេ បើទោះជាភាគី អាំ ហាយ តវ៉ាយ៉ាងណាក៏ដោយ ព្រោះលោកយោងតាមតែច្បាប់ និងការសម្រេចរបស់តុលាការកំពូលតែប៉ុណ្ណោះ៕
https://youtu.be/nbFQcsCjvdE
មតិយោបល់