ព័ត៌មានជាតិ

រថយន្តដឹកខ្សាច់ សុខ លី ឡើងស្ពានដាច់កាឡេរអិលក្រោយ ប៉ះរថយន្ត២គ្រឿង មនុស្ស២នាក់របួស

ភ្នំពេញៈ រថយន្តដឹកខ្សាច់ របស់ក្រុម ហ៊ុន សុខ លី មួយគ្រឿងបានដាច់កាឡេរអិលថយក្រោយ ខណៈកំពុងបើកឡើងស្ពាន រួចជ្រុលទៅប៉ះរថយន្ត២គ្រឿងទៀត បណ្តាលឲ្យមនុស្សប្រុសស្រី២នាក់រងរបួសធ្ងន់ និងស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចគល់ស្ពានមិត្តកម្ពុជាចិន (ស្ពានព្រែកសំរោង) ត្រើយខាងកើត ក្នុ ងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សាក្សីនៅក្បែរកន្លែងកើតហេតុ បាននិយាយថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តដឹកខ្សាច់មួយគ្រឿង របស់ក្រុមហ៊ុន សុខ លី ម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ទ្រុងខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-9511 បើកបរក្នុងទិសដៅពីកើតទៅលិច។ លុះឡើងដល់ពាក់កណ្តាលស្ពាន ក៏បានរអិលថយក្រោយ មកប៉ះរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2V-3316 ពណ៌ទឹកប្រាក់មួយគ្រឿង ខូចខាតមួយចំហៀងផ្នែកខាងឆ្វេង រួចក៏បានទៅប៉ះរថយន្តមួយគ្រឿងទៀតម៉ាកស្តារិច ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2F-3319 បណ្តាលឲ្យខូចខាតចំហៀងខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ បណ្តាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់និងស្រាល ។

នគរបាលចរាចរណ៍ខណ្ឌច្បារអំពៅបានប្រាប់ដែរថា មូលហេតុដែលធ្វើរថយន្តនេះ រអិលថយក្រោយគឺដោយសារដាច់ការឡេ ហើយអ្នកបើករថយន្តដឹកខ្សាច់ឈ្មោះ ហ៊ុ ដាវុធ ភេទប្រុស អាយុ២៣ឆ្នាំ បានប្រាប់ថា នៅពេលដែលខ្លួនកំពុងបើកឡើងស្ពានដល់ពាក់កណ្តាល ស្រាប់តែដាច់កាឡេ ជាន់ហ្រ្វាំងមិនស៊ី ក៏រអិលថយក្រោយតែម្តង។ រីឯម្ចាស់រថយន្តម៉ាកហាយឡែនឌ័រ ឈ្មោះ ឃឹម សំអុល ជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ ចំណែកឯអ្នកបើកបររថយន្តស្តារិច ឈ្មោះទី សំអុល ។

លោក ឃឹម សំបូរ បាននិយាយថា ខណៈដែលកំពុងបើករថយន្តមកដល់គល់ស្ពាន ស្រាប់តែឃើញរថយន្តដឹកខ្សាច់រអិលថយក្រោយ ភ្លាមនោះ ខ្លួនក៏បានទាញចង្កូតគេចមកខាងស្តាំ កុំអីបុកចំពេញពីមុខមួយទំហឹងខ្ទេចបាត់ទៅហើយ។ ដោយឡែក អ្នកបររថយន្តស្តារិច ក៏បានប្រាប់ដែរថា នៅពេលដែលបើកមកដល់រង្វង់មូល ក្រោយរថយន្តហាយឡេនឌ័រ ស្រាប់តែ រថយន្តដឹកខ្សាច់នោះរអិលថយក្រោយ ប៉ះរថយន្តដែលនៅខាងមុខ ក៏ខំកាច់ចង្កូតងាកមកខាងស្តាំដែរនៅតែមិនផុត ហើយក៏បានមកបុកចំពាក់កណ្តាលរថយន្តរបស់ខ្លួន ធ្វើឲ្យអ្នកជិះក្នុងរថយន្តរបស់ខ្លួនរងរបួសស្រាលចំនួន២នាក់ ហើយរថយន្តដឹកខ្សាច់ក៏ធ្លាក់ស្នាមភ្លោះតែម្តងទៅ។

ក្រោយកើតហេតុ អ្នកបើករថយន្តដឹកខ្សាច់ត្រូវបានឃាត់ខ្លួននាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកថ្មី ចំណែកឯរថយន្តទាំង៣គ្រឿងត្រូវបាននាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់៕

https://youtu.be/hPf5M1hugTI

មតិយោបល់