ព័ត៌មានសេដ្ឋកិច្ច

ចាប់ពីឆ្នាំ ២០១៧ ចង់ទិញម៉ូតូថ្មីជិះ ត្រូវមើលស្ពតអប់រំ ១០នាទី ឆ្លើយសំនួរ ១០

ចាប់ពីឆ្នាំ ២០១៧តទៅ បងប្អូនប្រជាពលរដ្ឋ ដែលទិញម៉ូតូថ្មីហើយ ត្រូវបំពេញលក្ខខណ្ឌពិសេស គឺត្រូវមើលស្ពតអប់រំចំនួន ១០នាទី ហើយឆ្លើយសំនួរ ១០ រួចចុះហត្ថលេខាទទួលស្គាល់ថា បានមើលស្ពតនេះរួចហើយ ទើបអាចយកម៉ូតូទៅជិះបាន។ នេះបើយោងតាមការឲ្យដឹងកាលពីម្សិលមិញនេះពីលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយអង្គការ APIWSA ដោយចំណាយថវិកាប្រមាណ ១សែន២ម៉ឺនដុល្លារអាមេរិក ផលិតស្ពតអប់រំស្តីពីច្បាប់ចរាចរណ៍ចំនួន ១០ ដើម្បីផ្សព្វផ្សាយជាសាធារណៈ និងដាក់នៅកន្លែងលក់ម៉ូតូទាំងអស់ផងដែរ។

ក្នុងគោលបំណងបញ្រ្ជៀបច្បាប់ចរាចរណ៍ទៅដល់ប្រជាពលរដ្ឋកម្ពុជា ស្ពតទាំង ១០ ដែលនឹងបង្ហាញជូនដល់សាធារណជន គឺមាន ៣ ទាក់ទងនឹងគ្រឿងស្រវឹង និង ៧ទៀតទាក់ទងនឹងច្បាប់ចរាចរណ៍។

គួរជម្រាបផងដែរថា គ្រោះថ្នាក់ចរាចរណ៍បានធ្វើឲ្យកម្ពុជាខាតបង់ប្រមាណជា ៣០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ហើយជាមធ្យមមានមនុស្សស្លាប់ ៥នាក់ និងរបួស ១៥នាក់ក្នុងមួយថ្ងៃ ដែលបង្កផលប៉ះពាល់ដល់ក្រុមគ្រួសារជនរងគ្រោះ ក៏ដូចជាសង្គមជាតិទាំងមូល៕

 

មតិយោបល់