Grab ដែលជាកម្មវិធីទូរស័ព្ទផ្ដល់ជូនសេវាកម្មដឹកជញ្ជូនតាមតម្រូវការ និងមធ្យោបាយទូទាត់ប្រាក់តាមទូរស័ព្ទចល័តឈានមុខគេនៅអាស៊ីអាគ្នេយ៍ បានបើកដំណើរការជាផ្លូវការនូវសេវាកម្មម៉ូតូឌុប GrabBike នៅរាជធានីភ្នំពេញ។
បន្ទាប់ពីការសាកល្បងអស់រយៈពេលជាង ២ខែ នៅតាមតំបន់សេដ្ឋកិច្ចសំខាន់ៗនៅរាជធានីភ្នំពេញ សេវាកម្ម GrabBike នឹងធ្វើការផ្តល់ជូននូវសេវាកម្មនេះនៅក្នុងទីក្រុងភ្នំពេញទាំងមូលចាប់ពីខែមេសា ឆ្នាំ ២០១៨តទៅ។
ការបើកដំណើរការជាផ្លូវការនៃសេវាកម្ម GrabBike គឺស្របទៅតាមយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនដែលមានគោលបំណងគាំទ្រដល់ការនិយមចូលចិត្តរបស់ប្រជាជនក្នុងស្រុក នៅក្នុងការជ្រើសរើសមធ្យោបាយធ្វើដំណើរដែលមានសុវត្ថិភាព មានតំលៃសមរម្យ និងអាចធ្វើការប្រើប្រាស់បានយ៉ាងងាយស្រួលគ្រប់ពេលវេលាគ្រប់ទីកន្លែងតាមរយៈកម្មវិធី Grab ។
លោក Wee Tang Yee ជាប្រធានក្រុមហ៊ុន Grab ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា «ម៉ូតូឌុប គឺជាមធ្យោបាយធ្វើដំណើរដែលមានលក្ខណៈជាប្រពៃណី និងពេញនិយមបំផុតក្នុងការធ្វើដំណើរនៅក្នុងទីក្រុងភ្នំពេញអស់ជាច្រើនទសវត្សរ៍មកហើយ។
ការណែនាំសេវាកម្ម GrabBike គឺជាការធានាឱ្យបាននូវការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងផ្ដល់ភាពងាយស្រួលដល់អ្នកបើកបរព្រមទាំងអ្នកដំណើរផងដែរ។
អតិថិជនរបស់ Grab អាចធ្វើការជ្រើសរើសប្រើប្រាស់សេវាកម្ម GrabBike សម្រាប់ការធ្វើដំណើរកាន់តែលឿន និងទៅដល់គោលដៅកាន់តែឆាប់រហ័ស។ GrabBike
Grab ក៏បានដាក់បញ្ចូលថ្លៃធ្វើដំណើរថេរទៅក្នុងសេវាកម្ម GrabBike នេះផងដែរ ដើម្បីធ្វើឱ្យការធ្វើដំណើរតាមម៉ូតូប្រកបដោយភាពងាយស្រួល និងមិនពិបាកនៅក្នុងការតថ្លៃ។ ជាមួយនឹងតម្លៃធ្វើដំណើរចាប់ផ្តើមត្រឹមតែ ១៥០០៛ និងតម្លៃត្រឹមតែ ១០០០៛ ប៉ុណ្ណោះក្នុងមួយគីឡូម៉ែត្របន្ទាប់ សេវាកម្ម GrabBike គឺជាជម្រើសនៃការធ្វើដំណើរតាមតម្រូវការមួយទៀតដែលមានតម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជា។
Grab តែងតែយកចិត្តទុកដាក់លើបញ្ហាសុវត្ថិភាពជាចម្បង។ អ្នកបើកបរម៉ូតូរបស់ GrabBike មិនត្រឹមតែតម្រូវឱ្យចូលរៀនវគ្គបណ្តុះបណ្តាលអ្នកបើកបរប៉ុណ្ណោះទេ តែពួកគាត់តម្រូវឱ្យផ្តល់ជូនអ្នកដំណើរនូវមួកសុវត្ថិភាព និងត្រូវតែធានាឱ្យបានថាអ្នកដំណើរនឹងពាក់មួកសុវត្ថិភាពនោះ។
ជាមួយនឹង GrabBike អ្នកជិះម៉ូតូឌុបអាចធ្វើដំណើរបានដោយរីករាយ និងគ្មានការព្រួយបារម្ភដោយសារតែរាល់ការធ្វើដំណើរជាមួយ Grab ទាំងអស់គឺសុទ្ធតែទទួលបានការធានារ៉ាប់រងគ្រោះថ្នាក់សម្រាប់អ្នកដំណើរផ្ទាល់ និងអ្នកបើកបរម៉ូតូឌុបផងដែរ៕
មតិយោបល់