ក្នុងរយៈពេល ១៥ឆ្នាំ គិតចាប់ពីឆ្នាំ ២០១៥ ដល់ ២០៣០ រាជធានីភ្នំពេញ និងទីប្រជុំជននានា នឹងត្រូវការលំនៅដ្ឋានរហូតដល់ ៨សែនលំនៅដ្ឋាន ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជនកម្ពុជា។ នេះបើយោងតាមលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងឲ្យដឹងនៅក្នុង វេទិកាលំនៅដ្ឋានថ្នាក់ជាតិ ប្រព្រឹត្តិទៅកាលពីព្រឹកមិញនេះ។
ចាប់ពីឆ្នាំ ២០១៥ ដល់ ២០៣០ តម្រូវការលំនៅដ្ឋាន សម្រាប់រាជធានីភ្នំពេញ និងទីប្រជុំជន គឺប្រមាណ ៨០ម៉ឺនលំនៅដ្ឋាន គិតជាមធ្យម ៥ម៉ឺនលំនៅដ្ឋានក្នុងមួយឆ្នាំ ដោយសារចំនួនប្រជាជនរស់នៅ រាជធានីភ្នំពេញ និងទីប្រជុំជន គឺប្រមាណ៤.៥លាននាក់ ក្នុងឆ្នាំ ២០១៤ នឹងបន្តកើនឡើងដល់ ៧.៧លាននាក់ ក្នុងឆ្នាំ ២០៣០។
អាស្រ័យហេតុនេះ ក្រសួងដែនដី បាននិងកំពុងសកម្ម អនុវត្តគោលនយោបាយជាតិស្តីពី លំនៅដ្ឋាន ផ្សារភ្ជាប់ទៅនឹង គោលនយោបាយជាតិស្តីពី ការរៀបចំដែនដី ដើម្បីជម្រុញ និងគាំទ្រដល់ការសាងសង់លំនៅដ្ឋានគ្រប់ប្រភេទ ជាពិសេសគឺលំនៅដ្ឋានតម្លៃសមរម្យ ជូនមន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ ប្រជាជនមានចំណូលទាបនិងមធ្យម នឹងជនងាយរងគ្រោះ។
មកទល់ពេលនេះ ក្រសួងដែនដី បានសហការជាមួយក្រុមហ៊ុនឯកជនចំនួន ២ ដើម្បីសាងសង់លំនៅដ្ឋានតម្លៃសមរម្យ សម្រាប់តម្លៃក្រោម ៣ម៉ឺនដុល្លារអាមេរិក និងលក់ជូនក្នុងតម្លៃទាប បង់រំលោះរយៈពេលវែង។
រីឯក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានប្រកាសដែរថា ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យក្រោម ៣ម៉ឺនដុល្លារអាមេរិក នឹងទទួលបានការលើកទឹកចិត្តជា ការវិនិយោគសាធារណៈ ការលើកលែងពន្ធ និងការសម្រួលផ្នែកនិយ័តកម្ម។
លោក វង្សី វិស្សុត រដ្ឋមន្រ្តីស្តីទីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា គោលនយោបាយនេះ នឹងលើកទឹកចិត្តឲ្យក្រុមហ៊ុនឯកជន អភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យ ជូនប្រជាពលរដ្ឋដែលខ្វះខាតផ្ទះសម្បែង សម្រាប់ការរស់នៅនាពេលបច្ចុប្បន្ន។
រីឯប្រជាជន ដែលមានប្រាក់បៀវត្ស ឬមុខរបរខ្នាតតូច មានចំណូលមធ្យម ដែលពុំទាន់មានលំនៅដ្ឋាន ឬមានលំនៅដ្ឋានអសុវត្ថិភាព ឬតូចចង្អៀតពេក នឹងទទួលបានផលប្រយោជន៍ពី គោលនយោបាយនេះ។
គោលនយោបាយនេះ គឺមានគោលដៅដោះស្រាយបញ្ហាសេដ្ឋកិច្ច និងសង្គមផង តាមរយៈការផ្តល់ជូនលំនៅដ្ឋានសមរម្យជូនប្រជាពលរដ្ឋ ផ្អែកលើគោលការណ៍ពាណិជ្ជកម្ម ភ្ជាប់ជាមួយនឹងអន្តរាគមន៍របស់រដ្ឋ ដើម្បីបន្ធូរបន្ថយបន្ទុក ទាំងដល់អ្នកអភិវឌ្ឍន៍ អ្នកវិនិយោគ និងអ្នកទិញលំនៅដ្ឋាន។
គួរជម្រាបដែរថា សេចក្តីព្រាងឯកសារគោលនយោបាយស្តីពី ការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ ការអភិវឌ្ឍលំនៅដ្ឋានតម្លៃសមរម្យ នឹងត្រូវដាក់ជូន គណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ មុនដាក់ជូនគណៈរដ្ឋមន្រ្តីពិនិត្យ និងផ្តល់ការអនុម័តនៅក្នុងពេលឆាប់ៗខាងមុខនេះ៕
មតិយោបល់