ព័ត៌មានជាតិ

បើកម៉ូតូដួល ត្រូវរថយន្តបើកពីក្រោយបុកបន្ថែម ស្លាប់ភ្លាមៗទាំងព្រឹក

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់បើកម៉ូតូតាមដងផ្លូវមិនប្រយត្ន័បណ្តាលឲ្យដួល ស្របពេលរថយន្តមួយគ្រឿងកំពុងបើកពីក្រោយម៉ូតូក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនជាន់ ទៅបុកជនរងគ្រោះដែលកំពុងដួលលើដងផ្លូវបណ្តាលឲ្យស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង ១០នាទី ព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ខាងលើនេះ មានឈ្មោះ សុន សំ ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅក្នុងភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកអ្នកបើកបររថយន្តបង្ក បានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូរបស់ជនរងគ្រោះម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ឃ9355 កណ
ចេញពីផ្ទះ ធ្វើដំណើរតាមបណ្តោយផ្លូវខាងលើខណ:មេឃកំពុងភ្លៀង លុះបានមកដល់ចំណុចកើតហេតុ ម៉ូតូរបស់ជនរងគ្រោះបានដួលទៅលើដងផ្លូវ ស្របពេលនោះ ក៏មានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D-2255 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅស្របទិសគ្នា ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកបន្ថែមពីលើជនរងគ្រោះរួមនឹងម៉ូតូដែលកំពុងដួលនៅលើដងផ្លូវ បណ្តាលឲ្យបុរសអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅកន្លែងយ៉ាងអាណោចអាធ័ម។ ចំណែកអ្នកបើកបររថយន្តបង្ក បានបើកទ្វារថយន្តរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តបង្កនៅនឹងកន្លែងកើតហេតុ។

ក្រោយពីកើតហេតុ នគរបាលជំនាញបានចុះមកធ្វើការពិនិត្យនិងវាស់វែង ដោយបាននាំយករថយន្តរួមនឹងម៉ូតូយកទៅរក្សាទុកដើម្បីធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់