ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា-ហ្វីលីពីន ជម្រុញឲ្យមានជើងហោះហើរត្រង់រវាងគ្នា

ប្រទេសកម្ពុជា និងហ្វីលីពីន នឹងជម្រុញឲ្យមានជើងហោះហើរត្រង់រវាងគ្នា ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមគេហទំព័ររបស់ក្រសួងទេសចរណ៍ ចេញផ្សាយនៅថ្ងៃនេះ។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា និងលោកស្រី Wanda Corazon រដ្ឋមន្រ្តីក្រសួងទេសចរណ៍ហ្វីលីពីន បានចុះហត្ថលេខាស្តីពី កម្មវិធីអនុវត្តកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ឆ្នាំ ២០១៦-២០២០ រវាងកម្ពុជា-ហ្វីលីពីន ដែលរួមមាន៖ ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា ការជម្រុញការហោះហើរត្រង់រវាងប្រទេសទាំង២ ការឃោសនាផ្សព្វផ្សាយទេសចរណ៍រួមគ្នា ការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍនិងពិពិធកម្មផលិតផលទេសចរណ៍។

កាលពីពេលកន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍ជនជាតិហ្វីលីពីនប្រមាណ ៩ម៉ឺននាក់ ហើយការហោះហើរត្រង់មកកម្ពុជានេះ រំពឹងនឹងជម្រុញកំណើនភ្ញៀវទេសចរណ៍ផងដែរ។

ជាការឆ្លើយតប លោកប្រធានាធិបតីហ្វីលីពីន នឹងពិភាក្សាជាមួយក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន ចំពោះការបើកជើងហោះហើរត្រង់នេះ ព្រមទាំងជួយផ្សព្វផ្សាយអំពីប្រទេសកម្ពុជា ដើម្បីឲ្យប្រជាជនហ្វីលីពីនមកទស្សនា៕

មតិយោបល់