ព័ត៌មានជាតិ

បើកម៉ូតូលឿនដល់ផ្លូវកោងកាច់ចង្កូតមិនទាន់ បុកទ្រូងផ្លូវ បុរស២នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ: យុវជន២នាក់បានដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុក្រោយពីសង្ស័យថាស្រវឹង បានបើកម៉ូតូបោះពួយទៅបុកខឿនសួនច្បារក្នុងតំបន់បឹងកក់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្លូវថ្មី ក្នុងតំបន់បឹងកក់ជិតព្រំប្រទល់ខណ្ឌទួលគោកក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញយុវជន២នាក់ទំនងជាស្រវឹង បានបើកម៉ូតូម៉ាកស្មាសរេវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1U-4166 ជិះឌុបគ្នាដោយល្បឿនយ៉ាងលឿន តាមផ្លូវក្បែររដ្ឋករទឹក ទិសដៅពីកើតទៅលិចរេពេញផ្លូវ លុះបានមកដល់ចំណុចន្លែងកើតហេតុ ស្រាប់តែទៅបុកខឿនកោងសួនច្បារកណ្តាលទ្រូងផ្លូវ បណ្តាលឲ្យដួលបោកក្បាលស្លាប់ទាំង២នាក់ភ្លាមៗនៅនឹងកន្លែងតែម្តង ដោយមិនប៉ះពារជាមួយអ្នកដំណើរផ្សេងទៀតនោះឡើយ។

ប្រភពព័ត៌មានបានបន្តទៀតថា ក្រោយពីមានហេតុការណ៍គ្រោះដួលខ្លួនស្លាប់២នាក់ហើយកម្លាំងនគរបាលមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុរកអត្តសញ្ញាណជនរងគ្រោះទាំង២នាក់នោះតែមិនបានស្គាល់អត្តសញ្ញាណនោះទេ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញបានចាត់ចែងរករថយន្តមកដឹកសពជនរងគ្រោះទាំង២នាក់ ទៅតម្កល់នៅវត្ត ស្រាវជ្រាវរកក្រុមគ្រួសារបន្តទៀតឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

//youtu.be/inbEyb08Pfk

មតិយោបល់