ព័ត៌មានជាតិ

ឧក្រឹដ្ឋជនជួញដូរថ្នាំញៀន បាញ់សម្លាប់មន្ត្រីPM តុលាការផ្តន្ទាទោសដាក់ពន្ធនាគារត្រឹម៤ទៅ៥ឆ្នាំ

ភ្នំពេញៈ ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនមួយសំបុក្រមានគ្នា៥នាក់ដែលមេកើយម្នាក់ត្រូវបាន PM បាញ់ឲ្យស្លាប់ ហើយភាគីPM ម្នាក់បានស្លាប់ផងដែរ នៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនៅម្តុំខណ្ឌទួលគោកកាលពី អំឡុងខែមេសា កន្លងទៅនោះ ត្រូវបានលោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមសម្រេចផ្តន្ទាទោសនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ។

សាលក្រមរបស់ចៅក្រម រស់ ពិសិដ្ឋ បានផ្តន្ទាទោស ជនជាប់ចោទ ទី១. ឈ្មោះ លី វីរៈ ភេទប្រុស អាយុ៣៧ឆ្នាំ ទី២. ឈ្មោះ ទី អៀង ភេទប្រុស អាយុ ៤៥ឆ្នាំ និងទី៣. ឈ្មោះ ស៊ុន ដារ៉ូ ភេទប្រុស អាយុ ២៣ឆ្នាំ ដាក់ពន្ធនាគារក្នុងម្នាក់កំណត់រយៈពេល ៥ឆ្នាំ និងបានសម្រេចផ្តន្ទាទោសជនជាប់ទី៤. ឈ្មោះ លី កុកហុយ ភេទប្រុស អាយុ៦៤ឆ្នាំ និងទី៥. ឈ្មោះ ត្រាវ រិទ្ធារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ៤ឆ្នាំ ក្រោមបទចោទប្រកាន់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បទចូលរួមជាមួយក្រុមឧក្រិដ្ឋជន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ យោងតាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៤៩០នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា នៅក្នុងសវនការកាលពីពេលកន្លងទៅនោះ តុលាការបានបើកសវនាការជម្រះទោសជនជាប់ចោទទាំង ៥នាក់ខាងលើដោយ មិនបានរំលឹកអ្វីឡើយអំពីសាវតា នៃរថយន្តម៉ាក អូឌី ពាក់ស្លាកលេខ ន.ប 2-0621 (ដែលត្រូវបានគេដឹងថា ជាកម្មសិទ្ធិរបស់លោក ឧត្តមសេនីយ នគរបាលម្នាក់នៅក្រសួងមហាផ្ទៃ) និងអាវុធវែងខ្លីចំនួន ៦ដើមដែលក្រុមឧក្រិដ្ឋជនបានប្រើប្រាស់ដើម្បីជាមធ្យោបាយដឹកគ្រឿងញៀន និងបាញ់មកលើសមត្ថកិច្ច។

នៅក្នុងសវនាការជនជាប់ចោទឈ្មោះ លី វីរៈ បានសារភាពថា ខ្លួនបានស្គាល់ឈ្មោះ លឹម គឹមតេង មេក្លោងជួញដូរគ្រឿងញៀននៅក្នុងពន្ធនាគារហើយដែលត្រូវសមត្ថកិច្ចបាញ់ស្លាប់នៅក្នុងបន្ទប់។ ជនជាប់ចោទបន្តថា ក្រោយចេញពីពន្ធនាគារ រូបគេ ជាអ្នកទទួលគ្រឿងញៀនពីឈ្មោះ លឹម គឹមតេង ដើរយកឲ្យអតិថិជនតាមការបញ្ជាទិញបានចំនួន ៣ដង លុះដល់លើកទី៣ ក៏ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបាន និងឲ្យជូនទៅទីតាំងផ្ទះដែលឈ្មោះ លឹម គឹមតេង ស្នាក់នៅ ផ្លូវលេខ៣៥១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។

ដោយឡែកជនជាប់ចោទឈ្មោះ ទី អៀង ជាម្ចាស់ផ្ទះប្រព្រឹត្តបទល្មើស និងឈ្មោះ លី កុកហុយ ជាពូរបស់ឈ្មោះ លឹម គឹមតេង បានបដិសេធថា ខ្លួនមិនបានដឹងរឿងអ្វីនោះទេ ព្រោះពួកខ្លួនគ្រាន់តែរកស៊ីខ្វៃជ្រូកនៅក្នុងផ្ទះនោះតែប៉ុណ្ណោះ ដែលចម្លើយទាំងអស់នេះហាក់ធ្វើឲ្យសាធារណៈជនដែលចូលរួមនៅក្នុងសវនាការមានការងឿងឆ្ងល់ថា ហេតុអ្វីពួកគេរស់នៅក្នុងផ្ទះតែមួយជាមួយគ្នា និងថែមទាំងសហការគ្នាជួយបាញ់តដៃសមត្ថកិច្ចក្នុងពេលបង្ក្រាបផង ទៅជាមិនដឹងរឿងបន្តិចសោះទៅវិញ។

គួររំឭកថា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានចុះទៅបង្ក្រាបក្រុមឧក្រិដ្ឋកម្មជួញដូរគ្រឿងញៀនមួយកន្លែង នៅផ្លូវលេខ៣៥១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយការបង្ក្រាបនោះក្រុមឧក្រិដ្ឋជនបានបាញ់ប្រហារមកលើសមត្ថកិច្ចអាវុធហត្ថឈ្មោះ ទៀន ករុណា ម្នាក់ស្លាប់ និងមានអ្នករងរបួសស្រាលមួយចំនួន និងមានមេក្លោងជួញដូរគ្រឿងញៀនឈ្មោះ លឹម គឹមតេង ត្រូវសមត្ថកិច្ចបាញ់ស្លាប់នៅនឹងកន្លែងកើតហេតុ ព្រមទាំងដកហូត បានអាវុធ ៦ដើម(អាវុធខ្លី៥ដើម អាវុធវែង១ដើម) រថយន្ត២គ្រឿង ម៉ូតូ៤គ្រឿង និងគ្រឿងញៀនមួយចំនួនធំ៕

https://youtu.be/H_iOae6KnTE

មតិយោបល់