ព័ត៌មានសេដ្ឋកិច្ច

វិនិយោគិនខ្មែរ គ្រោងបង្កើតផ្សារបណ្តែតទឹក នៅតំបន់អភិវឌ្ឍន៍វិហារសួគ៌

វិនិយោគិនក្នុងស្រុក និងវិនិយោគិនមកពីប្រទេសថៃ គ្រោងនឹងបង្កើតផ្សារបណ្តែតទឹក នៅក្នុងតំបន់អភិវឌ្ឍន៍វិហារសួគ៌ ដើម្បីចូលរួមជម្រុញវិស័យទេសចរណ៍នៅកម្ពុជា។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិដកស្រង់ពីសារព័ត៌មានក្នុងស្រុក។

លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Skyland បានលើកឡើងថា ផ្សារបណ្តែតទឹកនេះ នឹងមានភាពទាក់ទាញប្រកបដោយបរិបទវប្បធម៌ខ្មែរ ទាំងការស្លៀកពាក់ ទូកលក់ទំនិញ និងផ្ទះបណ្តែតទឹកជាដើម។

សម្រាប់គម្រោងផ្សារបណ្តែតទឹកនេះ វិនិយោគិនថៃ នឹងចុះមកសិក្សាក្នុងពេលឆាប់ៗនេះ ដើម្បីអភិវឌ្ឍន៍ជាផ្សារបណ្តែតទឹកដ៏ធំមួយ ក្នុងពេលឆាប់ៗខាងមុខនេះ តែសម្រាប់ទំហំទឹកប្រាក់វិនិយោគ នៅពុំទាន់អាចបញ្ជាក់បានឡើយ។

នៅក្នុងតំបន់អភិវឌ្ឍន៍វិហារសួគ៌ គឺមានការអភិវឌ្ឍន៍បៃតងរបស់ក្រុមហ៊ុន Skyland ដែលរួមមានទាំង វិស័យអចលនទ្រព្យ (លំនៅដ្ឋាន ខុនដូ) វិស័យទេសចរណ៍ (តំបន់កម្សាន្តលើទឹក ការបោះតង់ ការប្រគុំតន្រ្តីខ្នាតធំ) និងវិស័យកីឡា (ការប្រណាំងម៉ូតូហោះ ការប្រណាំងរថយន្ត)។

គួរជម្រាបផងដែរថា រមណីយដ្ឋានកែច្នៃបែបធម្មជាតិ ជាផលិតផលទេសចរណ៍ថ្មីមួយ ដែលកាន់តែទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើន ឲ្យមកកម្សាន្តនៅ ប្រទេសកម្ពុជា៕

មតិយោបល់