ព័ត៌មានសេដ្ឋកិច្ច

ឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ មានជាង ៥៥០០លាន$ កើនឡើងប្រមាណ ១០%

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងថៃ ក្នុងឆ្នាំ ២០១៧កន្លងមក មានរហូតដល់ប្រមាណ ៥,៥០០លានដុល្លារអាមេរិក ដែលចំនួននេះមានការកើនឡើង ប្រមាណ ១០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០១៦។

ឯកឧត្ដម Prayut Chan-O-Cha នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ បានសម្ដែងនូវអំណរគុណជាអនេកចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រីចំពោះ ការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះរូបឯកឧត្ដម និងគណ:ប្រតិភូដែលបានមកកាន់ព្រះរាជាណាចក្រកម្ពុជា និងមានប្រសាសន៍ថា ការចូលរួមនៅក្នុងកិច្ចប្រជុំកំពូលលើកទី២មេគង្គ-ឡានឆាងនេះ គឺមានសារ:សំខាន់ ណាស់សម្រាប់ប្រជាជននៃបណ្ដាប្រទេសដែលរស់នៅតាមដងទន្លេមេគង្គ ហើយកិច្ចប្រជុំនេះនឹងផ្ដល់នូវ ផលប្រយោជន៍ដល់ប្រជាជនទាំង ៥ប្រទេសនេះតែម្ដង។

ពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ឯកឧត្ដមនាយករដ្ឋមន្ត្រីថៃ ថ្លែងនូវការរីករាយចំពោះ វឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសលើការតភ្ជាប់ ការបើកច្រកព្រំដែនរវាង ប្រទេសទាំងពីរ ជាពិសេសច្រកស្ទឹងបត់ និងការតភ្ជាប់ផ្លូវដែកជាដើម។

ឯកឧត្ដមក៏បានស្នើសុំធ្វើយ៉ាងណាជំរុញ ឱ្យមានកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លា ថែមទៀត ពិសេសលើវិស័យពាណិជ្ជកម្ម។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះឯកឧត្ដមនាយករដ្ឋមន្ត្រីថៃ និងគណ:ប្រតិភូ ដែលបានមកចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី២ នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង នៅព្រះរាជាណាចក្រកម្ពុជា៕

មតិយោបល់