ព័ត៌មានជាតិ

ល្បែងស៊ីសងនៅតែបើកលួចលាក់ក្រោមលេសថាមានអាជ្ញាប័ណ្ណស្របច្បាប់ដដែល

កណ្តាល: ទោះបីជាអាជ្ញារធរក្រុងតាខ្មៅ កោះហៅក្រុមអ្នកបើកល្បែងស៊ីសង កន្ទុយលេខ ហ្គេមបាញ់ត្រី ភ្នាល់បាល់ បៀអាប៉ោង មកធ្វើការណែនាំក៏ដោយ ក៏ពួកក្រុមអ្នកបើកល្បែងទាំងនោះនៅតែបន្តបើកលួចលាក់យ៉ាងចាស់ដៃ មិនក្រែងញញើតអាជ្ញាធរមានសមត្ថកិច្ចទាល់តែសោះ ដោយពួកគាត់យកលេសថាទីតាំងរបស់ពួកគាត់ គឺបើកសុទ្ធតែមានច្បាប់ត្រឹមត្រូវ។

ប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា ចំពោះទីតាំងបើកល្បែងស៊ីសង នៅតែបើកលេងយ៉ាងអានាធិបតេយ្យទាំងយប់ទាំងថ្ងៃ ហើយទីតាំងទាំងអស់នោះ គឺសុទ្ធតែមានខ្នងបង្អែកនៅពីក្រោយផងដែរ ជាពិសេសនោះគឺនៅផ្លូវ១១០ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ជាប់ហាងកាហ្វេឈ្មោះ លី លី
បើកលេងហ្គេមបាញ់ត្រី ជារៀងរាល់ថ្ងៃ និងសង្ស័យ មានការលួចលាក់ប្រើប្រាស់ ចែកចាយគ្រឿងញៀនផងដែរ។ ប្រភពព័ត៌មានបន្តទៀតថា បើនៅផ្ទះយីហោឈ្មោះ មាន មាន លក់គ្រឿងទេសគ្រប់មុខ គឺបើកណេត២៤ម៉ោង លួចលាក់ ភ្នាល់បាល់ផងដែរ និងមួយទីតាំងទៀតគឺនៅក្រោយផ្ទះជាប់ហាងអ៊ុតសក់ សម្អាងការ ទេពី ផ្សារតាខ្មៅថ្មី បើកលេងបៀ កត់កន្ទុយលេខផងដែរ។

ចំពោះបញ្ហាខាងលើនោះ កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ លោក ហេង ធៀម អភិបាលក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថា មិនមានការធ្វេសប្រហែសទៅលើអ្វីជាសេចក្តីណែនាំរបស់អន្តរក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ចទេ ប៉ុន្តែជាទូទៅគឺកំពុងតែឆែកមើលនៅតំបន់មួយចំនួនដែរ សង្ស័យថាមានលបលួចនេះ ថាមានអាជ្ញាប័ណ្ណឬទេ ជាទូរទៅគឺឆែកជាច្រើនកន្លែងទីតាំងថាមានអាជ្ញាប័ណ្ណឆ្នោតរបស់ជាតិត្រឹមត្រូវ។ លោកបានបញ្ជាក់ថា យើងកំពុងស៊ើបអង្កេត ពិនិត្យមើលបើមានអ្វីដែលជាចំណុច វត្ថុតាងសង្ស័យនឹងងហៅម្ចាស់ទីតាំងមកធ្វើការណែនាំ។

លោកវរសេនីយ៍ ស៊ឹម ប៊ុតបណ្ឌឹត អធិការក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ថា បន្ទាប់ពីមានបទបញ្ជាសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ កាលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ កន្លងទៅឲ្យកម្លាំងប្រដាប់អាវុធទូទាំងប្រទេសអនុវត្តន៍នូវវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងឃាត់ខ្លួនម្ចាស់ទីតាំងបើកល្បែងស៊ីសងខុសច្បាប់ រួមទាំងអ្នកឃុបឃិតយកទៅផ្ដន្ទាទោសផងនោះ លោកអភិបាលក្រុងតាខ្មៅ កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បានធ្វើការកោះហៅអ្នកបើកអាជីវកម្មល្បែងស៊ីសងទាំងអស់នៅក្នុងក្រុងឲ្យមកស្តាប់នូវសេចក្តីណែនាំស្តីពីការអនុវត្តវិធានការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ ព្រមទាំងបញ្ជាឲ្យមន្ត្រីមានសមត្ថកិច្ចក្រោមឱវាទ ចាប់ផ្តើមអនុវត្តវិធានការទៅតាមច្បាប់ ចំពោះអ្នកដែលបើកល្បែងស៊ីសងខុសច្បាប់ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះផងដែរ ហើយលោកបានបញ្ជាក់ទៀតថា ពួកក្រុមបើកល្បែងស៊ីសងទាំងអស់នោះឥឡូវពួកគាត់ចេះណាស់ ដោយចាក់កន្ទុយលេខតាមប្រព័ន្ធWhat app គ្មានចុងសន្លឹកដូចពីមុនៗទៀតទេ បើចាក់បាល់វិញ គឺមានប្រព័ន្ធinternet ទាំងអស់។

លោកក៏បានបញ្ជាក់ជាចុងក្រោយថា ទោះបីជាក្រុមអ្នកបើកល្បែងស៊ីសងនោះ ប្រើល្បិចយ៉ាងណាក៏ដោយក៏រូបលោក និងកម្លាំងសមត្ថកិច្ចនៅតែស៊ើបអង្កេត ស្រាវជ្រាវ តាមចាប់ ឲ្យខានតែបានផងដែរ៕

មតិយោបល់