ព័ត៌មានសេដ្ឋកិច្ច

សេវាហៅទូរស័ព្ទឆ្លងប្រទេសកម្ពុជា-ឡាវ-វៀតណាម គិតតម្លៃក្នុងស្រុក ដំបូងបង្អស់មិនធ្លាប់មាន

ក្រុមហ៊ុន Viettel Group នឹងលុបចោលតម្លៃសេវា Roaming លើការហៅទូរស័ព្ទឆ្លងប្រទេសកម្ពុជា-ឡាវ-វៀតណាម ដែលធ្វើឡើងចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៧ខាងមុខនេះ។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុករបស់វៀតណាម ចេញផ្សាយកាលពីពេលថ្មីៗនេះ។

សម្រាប់អតិថិជនដែលប្រើប្រាស់ប្រព័ន្ធ Metfone ក្នុងប្រទេសកម្ពុជា Unitel ក្នុងប្រទេសឡាវ និង Viettel ក្នុងប្រទេសវៀតណាម ហើយធ្វើការហៅទូរស័ព្ទឆ្លងប្រទេស គឺគិតតម្លៃធម្មតា ដូចជាការហៅក្នុងស្រុកដែរ មិនមានគិតសេវា Roaming នោះទេ។ នេះបើយោងតាមការលើកឡើងរបស់លោក Nguyen Manh Hung នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Viettel។

ក្រុមហ៊ុន Viettel បានបង្កើតហេដ្ឋារចនាសម្ព័ន្ធដ៏ល្អក្នុងប្រទេសទាំង ៣ ហើយបានបង្កើតសេវានេះដំបូងគេបង្អស់ក្នុងតំបន់ នឹងធានាផ្តល់សេវាឆ្លងប្រទេសដែលមានតម្លៃទាបទាំងការហៅទូរស័ព្ទ និងអ៊ីនធឺណេត។

ក្រុមហ៊ុន Metfone នៅកម្ពុជា មានតម្លៃប្រមាណ ៩៤លានដុល្លារអាមេរិក ដែលមានអតិថិជន ៥.៥លាននាក់ និងរកចំណូលបាន ២៥៦លានដុល្លារអាមេរិក កាលពីឆ្នាំមុន។

គិតត្រឹមខែកញ្ញា ឆ្នាំ ២០១៦នេះ​ ក្រុមហ៊ុនមានអតិថិជនប្រមាណ ៩០លាននាក់ ក្នុង ៩ប្រទេស ហើយគ្រោងនឹងពង្រីកទៅដល់ ២៥ប្រទេស នៅត្រឹមឆ្នាំ ២០២០។

គួរជម្រាបផងដែរថា ក្រុមហ៊ុន Viettel រកចំណូលបានប្រមាណ ៩.៧ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៥ នឹងប្រាក់ចំណេញប្រមាណ ២ពាន់លានដុល្លារអាមេរិក៕

មតិយោបល់