កម្ពុជា-ថៃ បានឯកភាពគ្នាក្នុងការបើកច្រកព្រំដែនថ្មីចំនួន ៤ ដើម្បីបង្កភាពងាយស្រួលដល់ការចេញចូលរបស់ប្រជាជន និងជម្រុញលំហូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យកាន់តែកើនឡើង។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីម្សិលមិញនេះ។
ច្រកទាំងបួន ដែលគ្រោងនឹងបើក រួមមាន ច្រកអានសេះ ច្រកថ្មដូន ច្រកជាំ និងច្រកមួយ ក្នុងខេត្តកោះកុង។
ក្រោយឯកភាពគ្នាបើកច្រកព្រំដែនថ្មីនេះ ភាគីថៃ ក៏បានស្នើសុំភាគីកម្ពុជា ក្នុងការសហការដាំកូនឈើតាមព្រំដែន ហើយជាការឆ្លើយតប ភាគីកម្ពុជា គាំទ្រក្នុងការសហការនេះ។
ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា ច្រកព្រំដែនថ្មីនេះ នឹងសម្រួលដល់ប្រជាជនគ្នុងការនាំផលិតផលកសិកម្ម ព្រមទាំងផ្តល់ឲ្យប្រជាជនកម្ពុជា មានលទ្ធភាពទៅព្យាបាលជម្ងឺនៅមន្ទីរពេទ្យក្នុងប្រទេសថៃ ថែមទៀតផង។
គួររម្លឹកដែរថា កម្ពុជា-ថៃ ក៏បានឯកភាពគ្នារួចរាល់លើ គម្រោងស្ពានឆ្លងប្រទេសកម្ពុជា-ថៃ ត្រង់ចំណុចព្រំដែនស្ទឹងបត់-បានណងអៀន ក្នុងពេលឆាប់ៗខាងមុខនេះ៕
មតិយោបល់