កាលពីពេលថ្មីនេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ពីរ រួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន-ហុងកុង និងកិច្ចព្រមព្រៀងស្តីពីវិនិយោគ រវាងអាស៊ាន និងហុងកុង។
គោលបំណងសំខាន់ៗ នៃកិច្ចព្រមព្រៀងទាំងពីរគឺ៖ (១) កាត់បន្ថយរបាំងចំពោះលំហូរពាណិជ្ជកម្មទំនិញ សេវា និងវិនិយោគ ធើ្វឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយនូវការផ្សារភ្ជាប់សេដ្ឋកិច្ច កាត់បន្ថយចំណាយសម្រាប់ធុរជន បង្កើនពាណិជ្ជកម្ម ពង្រឹងប្រសិទ្ធភាពសេដ្ឋកិច្ច និងបង្កើតទីផ្សារកាន់តែធំទូលាយជាមួយកាលានុវត្តភាពច្រើនជាងមុន និងសេដ្ឋកិច្ចមាត្រដ្ឋានកាន់តែធំសម្រាប់ធុរកិច្ច (២) ធ្វើពិពិធកម្ម និងជំរុញពាណិជ្ជកម្ម វិនិយោគ និងទំនាក់ទំនងសេដ្ឋកិច្ចរវាងភាគី (៣) ផ្តល់ការអនុគ្រោះពិសេស និងដោយឡែក ចំពោះរដ្ឋជាសមាជិកអាស៊ានថ្មី ដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដើម្បីបង្កើនការចូលរួមក្នុងសមាហរណកម្មសេដ្ឋកិច្ចកាន់តែខ្លាំងជាងមុន និងពង្រីកការនាំចេញ តាមរយៈការបង្កើនសមត្ថភាព ប្រសិទ្ធភាព និងភាពប្រកួតប្រជែងក្នុងស្រុក (៤) ជួយទ្រទ្រង់ដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និងពិភពលោក និងទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។
នៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន នឹងធ្វើឲ្យមានភាពល្អប្រសើរឡើងនូវលំហូរវិនិយោគ និងពាណិជ្ជកម្មរវាងភាគីទាំងពីរ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនអាស៊ាន រួមមានកម្ពុជាផង ក៏ដូចជា ហុងកុង លើសពីនេះទៀត នឹងបង្កើនការតភ្ជាប់សេដ្ឋកិច្ចរវាងអាស៊ានហុងកុង តាមរយៈការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទំនិញ សេវាកម្ម និងវិនិយោគ។
គួរជម្រាបថា កម្ពុជា នឹងទទួលបានផលប្រយោជន៍ច្រើនពីកិច្ចព្រមព្រៀងនេះ ដោយសារហុងកុង ជាទីផ្សារមូលធនដ៏ធំ៕
មតិយោបល់