លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើសុំទៅ ប្រមុខថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ឲ្យបញ្ចុះតម្លៃអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម ឲ្យចុះទាបបំផុត។ នេះបើយោងតាមការឲ្យដឹងពីលោក វេង សាខុន នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ច្បាប់ដីកសិកម្ម ធ្វើឡើងកាលពីពេលថ្មីៗនេះ។
លោកបន្តថា ការសុំបញ្ចុះតម្លៃនេះ គឺសម្រាប់ប្រជាកសិករ ដែលប្រើប្រាស់អគ្គិសនីបម្រើដល់វិស័យកសិកម្ម ដូចជាកសិដ្ឋានផលិតចំណីសត្វ ចិញ្ចឹមសត្វ ផលិតចំណីត្រី រោងម៉ាស៊ីនកិនអង្ករ ម៉ូទ័រស្រោចស្រពជាដើម។
ការបញ្ចុះតម្លៃអគ្គិសនីសម្រាប់វិស័យកសិកម្ម ក៏អាចជម្រុញការផលិតឲ្យកើនឡើង ព្រមទាំងកាត់បន្ថយចំណាយរបស់ប្រជាកសិករ ដែលធ្វើឲ្យពួកគាត់មានជីវភាពកាន់តែប្រសើរ។
កាលពីខែ តុលា កន្លងទៅនេះ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ក៏បានឲ្យដឹងដែរថា តម្លៃអគ្គិសនីនៅកម្ពុជា នឹងបន្តចុះទាបជាង ៨០០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង នៅឆ្នាំ ២០១៧ ដើម្បីសម្រួលដល់បន្ទុកប្រើប្រាស់អគ្គិសនីរបស់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ដែរថា បច្ចុប្បន្ន ប្រជាពលរដ្ឋប្រមាណ ៧០ភាគរយ ទទួលបានអគ្គិសនីប្រើប្រាស់ ហើយរាជរដ្ឋាភិបាលគ្រោងនឹងសម្រេចឲ្យបាន ១០០ភាគរយ នៅត្រឹមឆ្នាំ ២០២០៕
មតិយោបល់