តាមរបាយការណ៍លទ្ធផលប្រមូលចំណូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារ ទទួលបានក្នុងខែមករា ឆ្នាំ២០១៨ បានបង្ហាញថា ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ-Online មានចំនួនប្រមាណជា ១៦៩.២៣លានដុល្លារអាមេរិក ស្មើនឹង ១០៥.៥៨ ភាគរយ នៃផែនការប្រចាំខែមករា ឆ្នាំ២០១៨ ដែលកំណត់ដោយច្បាប់។
ចំនួននេះ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០១៧ ឃើញថា ការប្រមូលចំណូលពន្ធ-អាករគ្រប់ ប្រភេទមានការកើនឡើងចំនួន ប្រមាណ ១៥.៥១លានដុល្លារអាមេរិក ស្មើនឹង ១០.៨១ភាគរយ។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមករា ឯកឧត្តម គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារបានជំរុញឱ្យ មន្ត្រីពន្ធដារបន្តអនុវត្តន៍ការប្រមូលចំណូលបន្ថែមទៀត ឱ្យបានគ្រប់តាមផែនការច្បាប់ចំនួនប្រមាណជា ១៩២៣.៣៨ លានដុល្លារអាមេរិក។
ឯកឧត្តមបានជំរុញឱ្យមន្រ្ដីពន្ធដារ ពង្រឹងនិងជំរុញការចុះបញ្ជីពន្ធដារ និងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស ឱ្យកាន់តែប្រសើរឡើងថែមទៀត ផ្ដល់សេវាពន្ធដារលើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ ដល់ទីតាំងរបស់ម្ចាស់អចលនទ្រព្យទាំងអស់ ក្នុងរាជធានីភ្នំពេញ ព្រមទាំងធ្វើការផ្សព្វផ្សាយ ពីបទបញ្ញត្តិស្ដីពីពន្ធដារ ការផ្ដល់សេវាចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មាន អចលនទ្រព្យ ព្រមទាំងសេវាពន្ធដារផ្សេងទៀត ជូនម្ចាស់អចលនទ្រព្យគ្រប់រូបឱ្យបានកាន់តែល្អប្រសើរ តាមបច្ចេកវិទ្យាព័ត៌មាន។
ឯកឧត្តម ក៏បានណែនាំបន្ថែមដល់គ្រប់អង្គភាព ឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារនិងត្រូវ មានភាពទន់ភ្លន់តែម៉ឺងម៉ាត់ដោយផ្អែកទិដ្ឋភាពច្បាប់ ក្នុងការឆ្លើយតបទៅ កាន់អ្នកជាប់ពន្ធ ឱ្យអ្នកជាប់ពន្ធ រីករាយទទួលយក និងស្ម័គ្រចិត្តបង់ពន្ធគ្រប់ៗគ្នា ធ្វើយ៉ាងណាកាត់បន្ថយជាអតិបរមា ឬមិនឱ្យអ្នក ជាប់ពន្ធមានការរអ៊ូរទាំ និងផ្តល់កិច្ចសហការល្អក្នុងការបង់ពន្ធជូនរដ្ឋ៕
មតិយោបល់