ព័ត៌មានសេដ្ឋកិច្ច

Call Tune «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ…» ត្រូវបានផ្តាច់វិញទាំងអស់ ចាប់ពីថ្ងៃនេះ

សម្លេង Call Tune «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ» ត្រូវបានផ្តាច់វិញទាំងអស់ ចាប់ពីថ្ងៃនេះតទៅហើយ។ នេះបើយោងតាមការឲ្យដឹងពី និយ័តករទូរគមនាគមន៍កម្ពុជា។

ការសម្រេចដូចនេះ គឺដោយសារការពិនិត្យឃើញថា បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ នៅកម្ពុជា បានយល់ជ្រួតជ្រាបយ៉ាងច្បាស់លាស់រួចហើយអំពី អត្ថន័យថា «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ»។

គួររម្លឹកដែរថា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ វិទ្យុ ទូរទស្សន៍ កាសែត និងសារព័ត៌មានអនឡាញទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយពីបញ្ហានេះ រួមទាំងក្រុមហ៊ុនទូរស័ព្ទទាំងអស់ ត្រូវរៀបចំខលធូន និង សារ ទៅកាន់អតិថិជនទៀតផង។

ដោយសារមានប្រជាពលរដ្ឋមួយចំនួន ជាពិសេសនៅតំបន់ជនបទ មានការយល់ច្រឡំថា ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ និងប្រតិបត្តិករឥណទានជនបទ ជាគ្រឹះស្ថានរបស់រដ្ឋ ទើបរដ្ឋាភិបាលចង់បញ្ជាក់ឲ្យច្បាស់ថា គ្រឹះស្ថានទាំងនោះ គឺជាក្រុមហ៊ុនឯកជន ស្វែងរកប្រាក់ចំណេញ៕

មតិយោបល់