គិតត្រឹម ១១ខែ ឆ្នាំ ២០១៦នេះ អាកាសយានដ្ឋានកម្ពុជា ទទួលអ្នកដំណើរឆ្លងកាត់ប្រមាណ ៦.២លាននាក់ ដែលកើនឡើង ៧.៥ភាគរយ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ ២០១៥។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីម្សិលមិញនេះ។
រីឯ ជើងហោះហើរត្រង់កើនឡើងប្រមាណ ៣.៦ភាគរយ ដល់ ៦៦,០០០ជើង ហើយការដឹកទំនិញកើនឡើង ២៣.៦ភាគរយ ដល់ជាង ៤ម៉ឹនតោន។
ដោយសារតែមានការវិនិយោគកាន់តែច្រើនពីប្រទេសចិន និងប្រទេសដទៃទៀត អាកាសយានដ្ឋានកម្ពុជាទាំង ៣ កាន់តែមមាញឹក ដោយក្នុងវិច្ឆិកាកន្លងទៅនេះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានទទួលអ្នកដំណើរ ៣១៦,០០០នាក់ ខណៈអាកាសយានដ្ឋានអន្តរសៀមរាប ទទួលបាន ៣៤៣,០០០នាក់។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប កាន់តែមមាញឹក ដោយទទួលបានជើងហោះហើរ ៣,៦០០ជើង ខណៈអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលបាន ២,៩០០ជើង ហើយអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុទទួលបាន ៣៧២ជើង។
គួរជម្រាបផងដែរថា រដ្ឋាភិបាលកម្ពុជា បាននិងជម្រុញឲ្យប្រទេសចិន ពន្លឿនគម្រោងសាងសង់អាកាសយានដ្ឋានថ្មី នៅខេត្តសៀមរាបឲ្យសម្រេចបានក្នុងពេលឆាប់ៗនេះដែរ៕
មតិយោបល់