ព័ត៌មានសេដ្ឋកិច្ច

ធនាគារពិភពលោក៖ កំណើនសេដ្ឋកិច្ចកម្ពុជា ថយមកត្រឹម ៦.៨% ក្នុងឆ្នាំ ២០១៧

យោងតាមរបាយការណ៍របស់ធនាគារពិភពលោក បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជា​ ត្រូវបានរំពឹងថា នឹងថមថយមកត្រឹម ៦.៨ភាគរយ ក្នុងឆ្នាំ ២០១៧ ដោយសារការថយល្បឿន ពី វិស័យសំណង់ និងវាយនភ័ណ្ឌ។

តួយ៉ាង ការនាំចេញផលិតផលវាយនភ័ណ្ឌ បានថយល្បឿនបន្តិចពី ៨.៥% (ឆមាសទី ១ ឆ្នាំ ២០១៦) មកត្រឹម ៥.៤% ក្នុងឆមាសទី ១ ឆ្នាំ ២០១៧ ដោយសារប្រាក់ឈ្នួលពិត មានការកើនឡើង។

រីឯ សកម្មភាពសំណង់ កំពុងមានការថយល្បឿនជាងមុន ដែលអាចបង្កផលប៉ះពាល់ដល់ការរកចំណូលទទួលទានរបស់ប្រជាពលរដ្ឋក្រីក្រ ដោយសារចំនួនធ្វើការថែមម៉ោង អាចមានការថយចុះ។

ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជា មានកំណើនការនាំចេញគ្រឿងយន្ត បរិក្ខារ និងគ្រឿងបន្លាស់អគ្គិសនី ហើយកំណើនភ្ញៀវទេសចរណ៍ ហាក់ងើបឡើងវិញ ស្របពេលដែលលំហូរចូលនៃមូលធន (FDI) មានស្ថានភាពល្អប្រសើរ។

លោក លី សូដែត សេដ្ឋកិច្ចវិទូជាតិ នៅធនាគារពិភពលោក ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា កម្ពុជា ត្រូវការអភិវឌ្ឍន៍បន្ថែមមួយកម្រិតទៀត គឺផ្លាស់ប្តូរពី ការកាត់ដេរ ទៅជា វិស័យឧស្សាហកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ ដូចជា គ្រឿងបង្គុំយានយន្ត គ្រឿងអេឡិចត្រូនិក។

កម្ពុជា មិនអាចប្រកួតប្រជែងលើប្រាក់បៀវត្សកម្មករ ជាមួយប្រទេសជិតខាងនោះឡើយ ព្រោះផលិតភាពរបស់ប្រទេសដទៃ អាចខ្ពស់ជាងប្រទេសកម្ពុជា ហើយប្រាក់ឈ្នួលពិត ក៏កើនឡើងខ្ពស់ជាងគេផងដែរ។

ដូច្នេះ កម្ពុជា ត្រូវជម្រុញ និងបង្កើនផលិតភាព ពោលគឺ ត្រូវការកម្លាំងពលកម្មដែលមានជំនាញច្បាស់លាស់លើ វិស័យសំខាន់ៗ ដូចជា វិស័យសំណង់ វិស័យអេឡិចត្រូនិក និងវិស័យផ្សេងៗ ដែលអាចឲ្យកម្ពុជាប្រកួតប្រជែងលើទីផ្សារអន្តរជាតិបាន។

លោកបានបន្តថា ក្រៅពីជំនាញច្បាស់លាស់ វិនិយោគិនក្នុងវិស័យឧស្សាហកម្មបែបនេះ ត្រូវការអគ្គិសនីតម្លៃទាប និងផ្គត់ផ្គង់គ្រប់គ្រាន់ ព្រោះវិស័យនេះ ត្រូវការប្រើប្រាស់ថាមពលច្រើនណាស់។

គួរកត់សម្គាល់ថា នៅពេលប្រាក់ខែឡើង ផលិតផលសម្រេចក៏ឡើងថ្លៃដែរ ដូច្នេះទាមទារឲ្យកម្លាំងពលកម្ម មានជំនាញច្បាស់លាស់ ពូកែ ផលិតបានល្អជាងមុន ច្រើនជាងមុន ទើបអាចប្រកួតប្រជែងជាមួយទីផ្សារក្រៅប្រទេសបាន៕

មតិយោបល់