វិនិយោគិនកម្ពុជា គ្រោងនឹងបង្កើតរោងចក្រកែច្នៃសំរាមដំបូងបង្អស់នៅកម្ពុជា ដែលគម្រោងនេះអាចនឹងធ្វើឡើងនៅក្នុងតំបន់ទីក្រុងបៃតង 7NG។ នេះបើយោងតាមការឲ្យដឹងពីលោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Skyland។
លោកបានឲ្យដឹងដែរថា រោងចក្រកែច្នៃសំរាមនេះ នឹងជួយការពារកង្វក់បរិស្ថាន ដើម្បីធ្វើឲ្យទឹកដី Skyland ក្លាយជាទីក្រុងបៃតងស្រស់ស្អាត និងមានអនាម័យពិតប្រាកដ។
ក្រៅពីនេះលោកក៏មាន គម្រោងបង្កើតផ្សារបណ្តែតទឹក ដោយសហការគ្នាជាមួយវិនិយោគិនមកពីប្រទេសថៃ ដើម្បីបង្កើតរមណីយដ្ឋានកែច្នៃបែបធម្មជាតិ ដែលជាផលិតផលទេសចរណ៍ថ្មីដ៏ទាក់ទាញ។
អ្វីដែលកាន់តែប្លែកទៀតនោះ គឺគម្រោងផ្សាររាត្រីធ្វើពីកុងតឺន័រដំបូងបង្អស់នៅកម្ពុជា ដែលមានភាពច្នៃប្រឌិតខ្ពស់ គ្រោងនឹងបើកដំណើរការនៅដើមឆ្នាំ ២០១៧ខាងមុខនេះ។
គួររម្លឹកផងដែរថា កាលពីខែ កក្កដាកន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បាននាំយកម៉ាស៊ីនកែច្នៃសំរាម តម្លៃជាង ៥សែនដុល្លារអាមេរិក ដែលមានសមត្ថភាពកែច្នៃសំរាម បានពី ១០០តោនទៅ ១៥០តោនក្នុងមួយថ្ងៃ៕
មតិយោបល់