ព័ត៌មានសេដ្ឋកិច្ច

ស្ពានអាកាសថ្មើរជើងថ្មី ជុំវិញស្តុបរង្វង់មូលនាងគង្ហីង នឹងចាប់ផ្តើមសាងសង់នៅសប្តាហ៍ក្រោយ

ស្ពានអាកាសថ្មើរជើងថ្មី នៅទីក្រុងអូឡាំព្យា ជុំវិញស្តុងរង្វង់មូលនាងគង្ហីង នឹងចាប់ផ្តើមសាងសង់នៅសប្តាហ៍ក្រោយ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់ រដ្ឋបាលរាជធានីភ្នំពេញ។

រដ្ឋបាលធានីភ្នំពេញ នឹងសហការជាមួយក្រុមហ៊ុន OCIC លើគម្រោងសាងសង់នេះ ដើម្បីសម្រួលដល់ការធ្វើដំណើរថ្មើរជើងឆ្លងកាត់ទីតាំងស្តុប មិនប៉ះពាល់ចរាចរ និងធានាបានសុវត្ថិភាព។

នៅពេលនេះ ស្ពានអាកាសនេះ បានចេញជារូបរាង 3D ហើយ ដែលនឹងបង្ហាញខ្លួន នៅភាគជើងនៃ ពហុកីឡដ្ឋានជាតិអូឡាំពិក។

គួររម្លឹកថា ទីក្រុងអូឡាំព្យា ត្រូវបានវិនិយោគដោយក្រុមហ៊ុន Oversea Cambodian Investment Corporation (OCIC) សាងសង់ឡើងលើផ្ទៃដី ១០ហិកតា សរុបមានបួនអគារ ដែលអគារនីមួយៗមានកម្ពស់ ២០ជាន់ ឋិតនៅភាគខាងជើងនៃពហុកីឡាដ្ឋានជាតិអូឡាំពិក។

បណ្តុំនៃអគារពាណិជ្ជកម្មនេះរួមមាន អគារស្នាក់នៅ ផ្សារទំនើប អគារការិយាល័យ ក្លឹបហាត់ប្រាណ អាងហែលទឹក សួនច្បារ និងភោជនីយដ្ឋានជាដើម។

គួរបញ្ជាក់ថា ប្រសិនបើគម្រោងស្ពានអាកាសថ្មើរជើងនេះ ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ សាលារាជធានីភ្នំពេញ នឹងពង្រីកគម្រោងស្ថាបនានេះ នៅលើផ្លូវផ្សេងៗមួយចំនួនទៀត ដូចជា នៅមុខសាលារៀន មន្ទីរពេទ្យ និងផ្សារជាដើម៕

មតិយោបល់