Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ទេព រិន្ទដារ៉...

ទេព រិន្ទដារ៉ូ បានកៅអីក្នុងរឿងភាគ «ពស់កេងកង»

មានការកត់សម្គាល់យ៉ាងខ្លាំង បន្ទាប់ពីមានការទម្លាយពីតារាសម្ដែងជើងចាស់ លោក ទេព រិន្ទដារ៉ូ ត្រូវបានជ្រើសជាតួអង្គធំ ក្នុងរឿងភាគ«ពស់កេងកង» ដែលជារឿងភាគទូរទស្សន៍លើកដំបូង មិនធ្លាប់មាន ផលិតដោយទូរទស្សន៍ PNN ។ នេះជាខ្សែភាគដែលបានបង្ហើបថា ចំណាយទុនផលិតមិនក្រោម ភាពយន្តរឿង «ឃុនហ្លួងព្រះស្ដេចកន» នោះទេ ខណ:ដែលតារាសម្ដែងក៏ត្រូវចំណាយ ពេលរហូតដល់៣ខែទើបជ្រើសរើស បានរួចរាល់។

កញ្ញា ដួង ម៉ានិច បានអះអាងថា ទូរទស្សន៍PNN បានបោះទុនផលិតរឿងភាគក្រោមចំណងជើងថា «ពស់កេងកង» ដោយកញ្ញាបានធ្វើតេស្តិ៍ជាប់ជាតួនាងនី ហើយលោកទេព រិន្ទដារ៉ូ ជាប់តំណែងជាតួមាណពដែលជាតួសំខាន់ នៅក្នុងរឿងនេះ។ នាងថានេះជាលើកទី១ ដែលខ្លួនបានសម្ដែងជាភរិយា ជាមួយតារាជើងចាស់ល្បីឈ្មោះ ហើយបានតំណែងជាអង្គធំ ក្នុងរឿង«ពស់កេងកង» ដែលជារឿងល្បីល្បាញ ក្នុងព្រេងនិទានខ្មែរ។ នាងថារឿងនេះក្រុមហ៊ុនដែលទទួលផលិត ឲ្យទូរទស្សន៍PNN បានចំណាយទុនខ្ពស់ ទើបនាងរំពឹងយ៉ាងខ្លាំង ថាខ្សែរឿងនេះនឹងទទួលជោគជ័យ។ នាងថាក្នុងរឿង«ពស់កេងកង»តួអង្គសំខាន់ជាងគេ តួមាណព ដែលសម្ដែងដោយលោកទេព រិន្ទដារ៉ូ និងតួអង្គនាងនី ដែលសម្ដែងដោយរូបនាង ហើយសាច់រឿងទាំងមូលមិនតដល់កូនពស់ ឬចៅពស់នោះទេ។ នាងថារឿងនេះ នឹងប្រកាសក្រុងពាលី នៅដើមខែមករា ហើយគ្រោងចេញថត នៅដើមឆ្នាំ២០១៧ ដោយការដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ ក៏នឹងត្រូវធ្វើឡើងក្នុងពេលបន្តបន្ទាប់។ រឿងនេះនាងថាផលិតករ និងទូរទស្សន៍នឹងធ្វើឲ្យកក្រើក ដោយសូម្បីតែឈុតឆាកមានពស់កេងកង ក៏ប្រកាសធ្វើក្រាហ្វិកឲ្យដូចពិតៗ និងធ្វើឲ្យទាក់ទាញផងដែរ។ នាងថាមួយរឿងខ្លួនបានតម្លៃខ្ពស់ ហើយសម្រាប់លោកទេព រិន្ទដារ៉ូ នឹងរឹតតែបានខ្ពស់បន្ថែមទៀត ដោយសារតែលោកគឺជាតួអង្គធំ។

ជាមួយនឹងការទម្លាយនេះ ទើបនៅតែមើលឃើញថា លោកទេព រិន្ទដារ៉ូ ជាតារាជើងចាស់តែម្នាក់ ដែលនៅត្រូវប៉ាន់ក្នុងពិភពសិល្ប: ដែលអាចនៅសម្ដែងជាតួឯក បានខុសពីតារារួមជំនាន់របស់លោក ដែលមានឱកាសសម្ដែងត្រឹមជាតួឪពុក ដែលមិនមែនជាតួឯកក្នុងរឿងធំៗ។ មហាជនរំពឹងយ៉ាងខ្លាំង ថារឿងភាគ«ពស់កេងកង» នឹងធ្វើឲ្យមានមហាជនចាប់អារម្មណ៍ ក្នុងពេលដាក់បញ្ចាំង ដោយសារតែរឿងមួយនេះ ជារឿងភាគទូរទស្សន៍ លើកដំបូងរបស់ប្រទេសកម្ពុជា ៕

Loading...