ព្រលានយន្តហោះសៀមរាបថ្មី គ្រោងនឹងចំណាយប្រមាណ ៩០០លានដុល្លារអាមេរិក សាងសង់លើផ្ទៃដី ៧០០ហិកតា ដែលស្ថិតនៅ ស្រុកសូទ្រនិគម ចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីតំបន់អង្គរ។ នេះបើយោងតាមសេចក្តីសម្រេចចេញផ្សាយក្នុងសៀវភៅរាជកិច្ច ទទួលបានដោយសារព័ត៌មានភ្នំពេញ ប៉ុស្តិ៍។
កាលពីពេលថ្មីៗនេះ កម្ពុជា បានស្នើសុំឲ្យ ចិន ពន្លឿនគម្រោងសាងសង់អាកាសយានដ្ឋានថ្មី នៅខេត្តសៀមរាប ឲ្យសម្រេចបានក្នុងពេលឆាប់ៗនេះ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ របស់ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីកម្ពុជា នៅទីក្រុងប៉េកាំង ប្រទេសចិន។
គម្រោងសាងសង់អាកាសយានដ្ឋានថ្មីនេះ ត្រូវបានចុះកិច្ចព្រមព្រៀងរួចរាល់ហើយ កាលពីខែតុលា កន្លងទៅ ហើយជាការឆ្លើយតប ក្រុមហ៊ុនចិន គ្រោងនឹងចំណាយពេល ៣ឆ្នាំ ដើម្បីសាងសង់។
អាកាសយានដ្ឋានថ្មី នៅខេត្តសៀមរាប នឹងអាចឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរណ៍ ក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ ដែលមកកម្សាន្តនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសគឺជម្រុញឲ្យមានការហោះហើរត្រង់មកកម្ពុជា មកទស្សនាប្រាសាទអង្គរវត្តដ៏ទាក់ទាញបំផុត។
លើសពីនេះទៅទៀត ការសាងសង់ព្រលានយន្តហោះថ្មី ចម្ងាយឆ្ងាយពីតំបន់ប្រាសាទ គឺអាចការពារផលប៉ះពាល់ដោយសម្ពាធសំឡេង ដែលអាចប៉ះពាល់ដល់ប្រាសាទនានាផងដែរ។
គួររម្លឹកដែរថា ក្រុមហ៊ុនកូរ៉េចំនួន ២ ធ្លាប់បានសម្រេចវិនិយោគលើគម្រោងសាងសង់អាកាសយានដ្ឋានថ្មី ដោយគ្រោងនឹងចំណាយទឹកប្រាក់ ១ពាន់លានដុល្លារអាមេរិក តែត្រូវបានពន្យារពេលជាច្រើនដងមកហើយ មកទល់ពេលនេះ៕
មតិយោបល់