គណៈប្រតិភូក្រុមហ៊ុន China Gas គឺជាក្រុមហ៊ុនផលិតចែកចាយ និងលក់ហ្គាស ធំជាងគេនៅប្រទេសចិន មានគម្រោងមកធ្វើការវិនិយោគលើអាជីវកម្ម ហ្គាស នៅក្នុងខេត្តព្រះសីហនុ។
នេះបើតាមការលើកឡើងរបស់លោក Deng Yao Bo អគ្គនាយករងក្រុមហ៊ុន China Gas ក្នុងការចូលជួបសម្តែងការគូរសម និងពិភាក្សាជាមួយឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកមាន គោលបំណងមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ ក្នុងនោះផ្ដោតទៅលើ ផ្នែក៣ រួមមានការលក់ហ្គាស បង្កើតភ្លើងដោយប្រើហ្គាសធម្មជាតិ (NPG) និងការតបណ្តាញបំពង់ហ្គាសតាមផ្ទះប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា ហ្គាសដែលគ្រោងនាំយកមកធ្វើ អាជីវកម្មនៅខេត្តព្រះសីហនុ មានពីរប្រភេទ គឺប្រភេទ LPG និងប្រភេទ NPG ហើយប្រសិនមានការឯកភាព ក្រុមហ៊ុននឹងឡើងគម្រោងដើម្បីឱ្យអ្នក ជំនាញចុះធ្វើការសិក្សាភ្លាម។
ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ចំពោះគណៈប្រតិភូក្រុមហ៊ុន China Gas ដែលចាប់អារម្មណ៍មកធ្វើការវិនិយោគ Gas នៅព្រះរាជាណាចក្រកម្ពុជា ពិសេសខេត្តព្រះសីហនុ ដែលអាជ្ញាធរខេត្តស្វាគមន៍ចំពោះការវិនិយោគ របស់ក្រុមហ៊ុន China Gas នៅលើទឹកដីខេត្តព្រះសីហនុ៕
មតិយោបល់