ព័ត៌មានសេដ្ឋកិច្ច

ឆ្នាំ២០១៦ តំបន់អង្គរ ទាក់ទាញភ្ញៀវជាង ២លាននាក់ រកចំណូលបាន ៦២លានដុល្លារ

ក្នុងឆ្នាំ ២០១៦ កម្ពុជា រកចំណូលបាន ៦២លានដុល្លារអាមេរិក ពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរ ដែលចំនួននេះ គឺកើនឡើង ៤ភាគរយ ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ ២០១៥។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ កាលពីពេលថ្មីៗនេះ។

ភ្ញៀវទេសចរបរទេសជាង ២លាននាក់ បានទិញសំបុត្រចូលទស្សនាតំបន់អង្គរ ដែលចំនួននេះកើនឡើង ៤.៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០១៥។

រីឯភ្ញៀវទេសចរ ដែលបានទិញសំបុត្រក្នុងខែធ្នូនេះ មានចំនួនជាង ២.៥សែននាក់ ខណៈចំណូលពីការលក់សំបុត្រ គឺប្រមាណ ៧លានដុល្លារអាមេរិក។

លោក ថោង ខុន រដ្ឋមន្រ្តីនៃក្រសួងទេសចរណ៍ បានលើកឡើងថា រដ្ឋាភិបាលបានរៀបចំយុទ្ធសាស្រ្តទីផ្សារទេសចរណ៍កម្ពុជា ២០១៦-២០២០ ទាក់ទាញភ្ញៀវទេសចរចិន ដែលមានសក្តានុពលខ្លាំងក្នុងវិស័យទេសចរណ៍ និងការចំណាយ ហើយក្នុងនោះដែរ ភ្ញៀវទេសចរចិនមកកម្ពុជា មានចំនួនកើនឡើងជារៀងរាល់ឆ្នាំ។

គួរជម្រាបផងដែរថា ក្នុងឆ្នាំ ២០១៥ មានភ្ញៀវទេសចរអន្តរជាតិ មកទស្សនាកម្ពុជា មានប្រមាណជា ៤លាន៨សែននាក់ ដែលក្នុងនោះភ្ញៀវទេសចរចិន មានប្រមាណជា ៨សែននាក់ ឈរនៅលំដាប់លេខ ២ ដែលចំនួននេះ ហាក់នៅមានកម្រិតនៅឡើយ៕

មតិយោបល់