ភ្នំពេញៈ បើតាមការរៀបរាប់ពីស្រ្តីវ័យចំណាស់ម្នាក់បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣ មករា នេះ មានស្រ្តី២នាក់ ជិះម៉ូតូមួយគ្រឿងពុំចាំម៉ាកបានបបួលគាត់ពីចំណុចស្ពានដែកចំការដូងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោក្បែរផ្ទះជួលរបស់គាត់ ធ្វើដំណើរមកដល់ម្ដុំផ្សារស្ទឹងមានជ័យចាស់ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ស្រ្តីឆបោកទាំងពីរខាងលើបានសួរគាត់ថា ក្នុងខ្លួនមានលុយប៉ុន្មានដែរ?
ស្រ្តីវ័យចំណាស់ឈ្មោះ សុខ ឃីម អាយុ៦៥ឆ្នាំបានឆ្លើយថា គាត់មានខ្សែករមាស៤ជី ដែលជារបស់កូនផ្ញើទុកឲ្យ ក្រោយមកស្រ្តីឆបោកទាំង២នាក់ បានប្រាប់គាត់ថា ឲ្យមាសនោះមកខ្ញុំសិនមកចាំពួកខ្ញុំទៅលក់មាស១តម្លឹងឲ្យលោកយាយ៥ជីវិញ។
ដោយឮដូច្នេះស្រ្តីរងគ្រោះក៏បានប្រគល់ខ្សែករ៤ជីឲ្យទៅស្រ្តីឆបោកទាំង២នាក់នោះ ខណៈដែលស្រ្តីឆកបោកបានមាសហើយ ពួកគេក៏ជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយកើតហេតុនៅវេលាម៉ោង៩ព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ រូបគាត់បានត្រឹមមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យឲ្យជួយអន្តរាគមន៍ស្វែងរកជនឆបោក៕
មតិយោបល់