ព័ត៌មានសេដ្ឋកិច្ច

រាជធានីភ្នំពេញ មានចំណុចក្តៅៗ ១៨២ទីតាំង ងាយកកស្ទះចរាចរណ៍បំផុត

ទីក្រុងភ្នំពេញ មានចំណុចក្តៅ ១៨២ទីតាំង ដែលងាយកកស្ទះចរាចរណ៍បំផុត។ នេះបើយោងតាមការលើកឡើងរបស់លោក ប៉ា សុជាតិវង្ស អភិបាលក្រុងភ្នំពេញ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានជាតិ។

សាលារាជធានីភ្នំពេញ នឹងសហការជាមួយអង្គការ JICA ដើម្បីចូលរួមដោះស្រាយបញ្ហានេះ ដោយបំពាក់ស្តុបថ្មីប្រមាណ ២០០កន្លែង និងស្តុបប្រើប្រាស់នាពេលបច្ចុប្បន្ន ប្តូរទៅជាយក្រុងវិញ។ នេះបើយោងតាមប្រសាសន៍របស់លោក ប៉ា សុជាតិវង្ស ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ ២០១៦ និងទិសដៅការងារឆ្នាំ ២០១៧។

លើសពីនេះទៅទៀត រដ្ឋបាលរាជធានីភ្នំពេញ នឹងរើសមន្ត្រីជាប់កិច្ចសន្យាប្រមាណ ៣០០នាក់ ដើម្បីជួយដល់ប៉ូលីសចរាចរណ៍ ៤០០នាក់ ដែលកំពុងប្រតិបត្តិការការងារ នាពេលបច្ចុប្បន្ន។

អាជ្ញាធរ នឹងបំពាក់កាមេរ៉ាសុវត្ថិភាពចំនួន ៦០០គ្រឿង នៅតាមទីសាធារណៈ ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាក់សង្គម។

យានយន្តប្រមាណជា ៤សែនគ្រឿង និងទោចក្រយានយន្ត ១លាន៤សែនគ្រឿង និងមានរថយន្តតាមបណ្តាខេត្តប្រមាណជា ៣សែនគ្រឿងទៀត កំពុងធ្វើចរាចរចេញចូលក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាមូលហេតុធ្វើឲ្យមានបញ្ហាកកស្ទះចរាចរកើតមានឡើង។

គួរបញ្ជាក់ដែរថា បញ្ហាកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ ធ្វើឲ្យខាតបង់ប្រមាណ ២០លានដុល្លារអាមេរិកក្នុង១ឆ្នាំ ដោយសារការបញ្ជេះថាមពល ប្រេងសាំងចោល៕

មតិយោបល់