ព័ត៌មានសុខភាព

ប្រយ័ត្នស្លាប់! ប្រឹងធ្វើការងារច្រើនម៉ោងពេក អាចឆក់យកជីវិតអ្នកបាន

តើលោកអ្នកមានទម្លាប់ធ្វើការដល់យប់ៗជ្រៅ ជាច្រើនថ្ងៃ ខែ ឆ្នាំមកហើយមែនទេ? ប្រសិនបើមែននោះ អ្នកគួរតែបញ្ឈប់ភ្លាម ព្រោះវាអាចបណ្តាលឲ្យអ្នកស្លាប់បាន។ តាមការស្រាវជ្រាវថ្មីៗ ដែលបានចុះផ្សាយលើគេហទំព័របរទេសល្បីៗជាច្រើន បានបង្ហាញថា ការធ្វើការងារច្រើនម៉ោងអាចប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរបំផុត។ ជាពិសេស ប្រសិនបើលោកអ្នកកំពុងតែមានអាការៈដូចខាងក្រោមនេះ បញ្ជាក់ថាអ្នកកំពុងតែមានបញ្ហាហើយ។

ស្រ្តេស ដោយសារធ្វើការហួសកម្រិត
ទម្លាប់ធ្វើការងារច្រើនម៉ោងហួសកម្រិត ការព្រួយបារម្ភពីស្ថេរភាពការងារ ការខំសម្រេចគោលដៅតាមការកំណត់ និងការមានបញ្ហាជាមួយអ្នកធ្វើការ ឬក៏ចៅហ្វាយ សុទ្ធតែអាចបង្កទៅជា បញ្ហាស្រ្តេស ដែលធ្វើឲ្យអ្នកមានអាការៈ ឈឺក្បាល ញ័រទ្រូង គេងមិនលក់ ថប់អារម្មណ៍ ឬធ្លាក់ទឹកចិត្តជាដើម។

ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺគាំងបេះដូង
ការធ្វើការច្រើនម៉ោងពេក ជាមូលហេតុធ្វើឲ្យអ្នកប្រឈមនឹងហានិភ័យនៃជំងឺខ្សោយបេះដូង គាំងបេះដូង សម្ពាធឈាមឡើងខ្ពស់ និងជំងឺដាច់សរសៃឈាមខួរក្បាល។ យោងតាមរបាយការណ៍សិក្សានៃសាកលវិទ្យាល័យឡុងដុង បានឲ្យដឹងថា ការធ្វើការច្រើនជាង ១១ម៉ោងក្នុងមួយថ្ងៃ បង្កើនហានិភ័យនៃជំងឺបេះដូងដល់ទៅ ៦៧ភាគរយ បើប្រៀបធៀបទៅនឹងអ្នកដែលធ្វើការ ៧-៨ ម៉ោងក្នុងមួយថ្ងៃ។

ជួបវិបត្តផ្លូវចិត្ត និងខូចខួរក្បាល
មនុស្សដែលចំណាយពេលច្រើនទៅលើការងារ នឹងមានបញ្ហាដូចជា បាត់បង់ការចងចាំរយៈពេលខ្លី ហើយកើតមានបញ្ហាផ្លូវចិត្តថែមទៀត។ យោងតាមរបាយការណ៍មួយទៀត ដែលចេញផ្សាយដោយទស្សនាវដ្តី American Journal of Epidemiology បានរកឃើញថា ការធ្វើការច្រើនម៉ោង អាចមានផលប៉ះពាល់ដល់ឥរិយាបថរស់នៅ។ ភាពតានតឹងយូរពេក បង្កជាជំងឺធ្លាក់ទឹកចិត្ត ដោយសារខ្វះចំណង់នៃការកំសាន្ត និងការគេង។

លើសទម្ងន់ និងធាត់ហួស
ជារើយៗ អ្នកដែលធ្វើការងារច្រើនតែងមានជំងឺធាត់ ជំងឺលើសឈាម ខ្លាញ់ក្នុងថ្លើម ជំងឺទឹកនោមផ្អែម និងជំងឺស្ទះសរសៃឈាមបេះដូង ហើយអាចបង្កជាជំងឺមហារីកក្រពេញប្រូស្តាត មហារីកសុដន់ និងមហារីកក្រពេញអូវែ។ គួបផ្សំជាមួយនឹងការទទួលទានអាហារមិនល្អ ព្រមទាំងគ្មានពេលធ្វើលំហាត់ប្រាណឲ្យទៀងទាត់ទៀតនោះ អ្នកនឹងប្រឈមបញ្ហាកាន់តែខ្លាំង។

ការខំប្រឹងធ្វើការ ថ្វីបើអាចសម្រេចបានគោលដៅក៏ពិតមែន តែអ្នកអាចនឹងមានអារម្មណ៍សោកសៅនៅពេលដែលអ្នកមិនអាចសោយសុខជាមួយនឹងភាពជោគជ័យរបស់ខ្លួន៕

មតិយោបល់