ចាប់ពីថ្ងៃស្អែកនេះតទៅ សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរវត្ត នឹងកែប្រែតម្លៃថ្មី គឺឡើងដល់ ៣៧ដុល្លារអាមេរិក សម្រាប់ចូលទស្សនា ១ថ្ងៃ ដោយរាល់ការទិញសំបុត្រទាំងអស់ គឺកាត់ ២ដុល្លារអាមេរិក សម្រាប់ចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា។ នេះបើយោងតាមការសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍។
រាជរដ្ឋាភិបាល បានធ្វើការកែសម្រួល តម្លៃសំបុត្រចូលទស្សនារមនីយដ្ឋានអង្គរ សម្រាប់ជនបរទេសនេះ គឺដើម្បីរក្សាតម្លៃសំបុត្រ ចូលទស្សនាអង្គរឲ្យ មាននិរន្តរភាព ដោយហេតុផលថា តម្លៃបណ្ណថ្មី ៣៧ដុល្លារអាមេរិក គឺនៅទាបជាង តម្លៃសំបុត្រ ២០ដុល្លារអាមេរិក ដែលបានអនុវត្តន៍ កាលពី ២០ឆ្នាំមុន រហូតមកដល់ពេលនេះ។
មួយវិញទៀត អង្គរ ជាសម្បត្តិបេតិកភណ្ឌជាតិ ជាបេតិកភណ្ឌវប្បធម៌ ដ៏អស្ចារ្យនៅលើពិភពលោក ជាគោលដៅទេសចរណ៍ដ៏ធំ មានប្រាង្គប្រាសាទជាច្រើន ដែលមានវិសាលភាពធំធេង និងមានតម្លៃ មហាសាល ចំពោះការកែសម្រួលថ្លៃនេះ មិនជាឧបសគ្គ ឬជាកង្វល់នោះទេ ។
គួរបញ្ជាក់ដែរថា លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏រំពឹងថា ចំនួនភ្ញៀវមកទស្សនាអង្គរ មិនថមថយនោះទេ បើទោះជាឡើងថ្លៃក្តី៕
មតិយោបល់