ព័ត៌មានជាតិ

សមត្ថកិច្ចឆ្មក់ចុះបង្ក្រាបល្បែងស៊ីសងមួយវង់ ឃាត់ខ្លួនបានបុរសចំនួន៥នាក់

ភ្នំពេញៈ ក្រុមអ្នកលេងល្បែងស៊ីសងចំនួន៥នាក់ ត្រូវបានកម្លាំងមានសម្ថកិច្ចនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ធ្វើការចាប់ឃាត់ខ្លួន ខណៈពេលដែលពួកគេកំពុងតែនាំគ្នាលេងបៀរនៅតាមទីសាធារណៈធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងសន្តិសុខសង្គមនោះ ដោយដកហូតបានវត្ថុតាងមួយចំនួនទៀតផងដែរ។ ការបង្ក្រាបល្បែងស៊ីសងនេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង១១ និង១០នាទីព្រឹក ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៧ នៅចំណុចខាងមុខការដ្ឋានសំណង់ចិន (ជិតក្រុមហ៊ុនស្រាបៀរអង្គរ) ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឲ្យដឹងថា បុរសទាំង៥នាក់ដែលឃាត់ខ្លួនមានទី១-ឈ្មោះ សួន ប៉េង អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ទី២-ឈ្មោះ ភោគ ម៉ៃ អាយុ ៤២ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ទី៣-ឈ្មោះ ខៀវ រដ្ឋា អាយុ ២៦ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ទី៤-ឈ្មោះ ព្រំ សាវ៉ាត អាយុ ២៦ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងទី ៥-ឈ្មោះ ខុម និមិត អាយុ ២៧ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់បឹងកេងកងទី ៣ ខណ្ឌចំការមន។ បុរសទាំង ៥នាក់ខាងលើនេះដែរ ត្រូវបានឃាត់ខ្លួនខណៈពេលដែលពួកគេកំពុងតែនាំគ្នាលេងល្បែងស៊ីសងនៅចំណុចខាងលើធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនោះ ក៏ធ្វើការឃាត់ខ្លួន និងដកហូតបៀរចំនួនមួយហ៊ូដែលជាវត្ថុតាងផងដែរ។

ក្រោយពេលដែលឃាត់ខ្លួនបុរសទាំង ៥នាក់ខាងលើ រួមទាំង វត្ថុតាង យកទៅកាន់នគរបាលប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីធ្វើការណែនាំអប់រំ និងកិច្ចសន្យាឈប់លែងរួចហើយ ទើបអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ៕

មតិយោបល់