កម្ពុជា នឹងអាចនាំចេញផ្លែស្វាយកែវរមៀតបានជាង ១ម៉ឺនតោនទៅកាន់ទីផ្សារអន្តរជាតិ នៅចុងឆ្នាំ ២០១៧នេះ។ នេះបើយោងតាមការព្យាករណ៍របស់លោក អ៊ីន ឆៃវ៉ាន់ ប្រធានសមាគមផ្លែស្វាយ ខេត្តកំពង់ស្ពឺ បានឲ្យទីភ្នាក់ងារសារព័ត៌មានជាតិ ដឹងនៅថ្ងៃនេះ។
លោក បន្តថា មានក្រុមហ៊ុនក្នុងស្រុកចំណាយទុនប្រមាណជា ៥លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រ រួមទាំងការប្រមូលទិញផ្លែស្វាយកែវរមៀតពី ប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ ឲ្យបានមួយម៉ឺនតោន ដើម្បីនាំចេញទៅលក់នៅ កូរ៉េ និងបារាំង។
លោក ម៉ៅ គន្ធពិសី ប្រធានក្រុមហ៊ុន Mao Legacy ធ្លាប់បានឲ្យដឹងថា ការនាំចេញផ្លែស្វាយ គឺទាមទារនូវគុណភាព សុវត្ថិភាព និងភាពស្រស់ជាចម្បង ត្រូវលាងសម្លាប់មេរោគ និងរៀបចំទុកដាក់វេចខ្ចប់ ដោយរក្សាក្នុងសីតុណ្ហភាពត្រជាក់ល្អមុនពេលនាំចេញ។
លោកបន្តថា ក្រុមហ៊ុនរបស់លោក នឹងជួយកសិករលើបច្ចេកទេសដាំដុះ ណែនាំពីការប្រើប្រាស់ជីធម្មជាតិល្អៗ មិនប្រើប្រាស់ជីគីមីនោះទេ ហើយចំពោះតម្លៃ ក្រុមហ៊ុននឹងកំណត់ឲ្យថេរ ជៀសវាងឡើងចុះតាមទីផ្សារ និងការបន្ទាបតម្លៃពីឈ្មួញកណ្តាល ព្រមទាំងកំណត់ថ្លៃជាថ្មី បើកសិករគោរពតាមការណែនាំ និងស្តង់ដារនាំចេញ។
គួររម្លឹកដែរថា ក្រុមហ៊ុន Mao Legacy គ្រោងនឹងនាំចេញផ្លែស្វាយប្រមាណ ៧ពាន់តោន ដល់ ១ម៉ឺនតោន នៅចុងឆ្នាំ ២០១៧នេះ ទៅកាន់ទីផ្សារកូរ៉េ និងទីផ្សារពិភពលោក៕
មតិយោបល់