ផ្សាររាត្រីធ្វើពីកុងតឺន័រដំបូងបង្អស់នៅកម្ពុជា ដែលចំណាយទុនវិនិយោគប្រមាណ ៤សែនដុល្លារអាមេរិក នឹងបើកដំណើរការសាកល្បង នៅក្នុងថ្ងៃទី ១៤ ខែកុម្ភៈ ខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពីគេហទំព័រហ្វេសប៊ុករបស់ លោកឧកញ៉ា ស្រី ចាន់ថន។
លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Skyland បានបើកកិច្ចប្រជុំជាមួយនឹងអាជីករម្ចាស់តូប កាលពីម្សិលមិញនេះ ដើម្បីរៀបចំផែនការពន្លឿន ឲ្យបានការចាប់ផ្តើមលក់ជាបណ្តោះអាសន្នក្នុងថ្ងៃទី ១៤ ខែកុម្ភៈ នាពេលដ៏ខ្លីខាងមុខនេះ។
លោក ធ្លាប់បានឲ្យដឹងដែរថា ផ្សាររាត្រីកុងតឺន័រនេះ គឺយកកុងតឺន័រ យកមកវះ ដើម្បីធ្វើជាស្តង់លក់ទំនិញ ដែលជួលក្នុងតំលៃចន្លោះពី ៣០០ ទៅ ៣៥០ដុល្លារអាមេរិកក្នុងមួយខែ។
កុងតឺន័រមួយ អាចវះធ្វើជាស្តង់បាន ២ ទៅ ៤ អាស្រ័យលើប្រវែងកុងតឺន័រនីមួយៗ ហើយវាកាន់តែប្លែក និងទាក់ទាញអតិថិជន ហើយផ្សារនេះស្ថិតនៅលើផ្ទៃដីទំហំប្រមាណ ១ហិកតា មានទីតាំងនៅចន្លោះអគារប៊ូឌីញ ស ពោលគឺស្ថិតនៅទល់មុខអគាររដ្ឋសភាជាតិ និងស្ថិតនៅក្រោយភោជនីយដ្ឋាន Jet Plus។
ផ្សាររាត្រីកុងតឺន័រនេះ នឹងលក់ទំនិញចម្រុះ ពិសេសទំនិញមកពីប្រទេសថៃ និងមានលក់ម្ហូបអាហារ មានកន្លែងកាត់សក់ មានបារតូចៗ និងទំនិញទាក់ទាញមួយចំនួនទៀត ដើម្បីធ្វើឲ្យផ្សារនេះមានលក្ខណៈរស់រវើក។
គួរបញ្ជាក់ដែរថា រហូតមកទល់ពេលនេះ ការនាំយកកុងតឺន័រមកដាក់នៅទីតាំងផ្សារនេះ សម្រេចបានពាក់កណ្តាលហើយ រំពឹងនឹងបញ្ចប់នៅពេលឆាប់ៗនេះ ហើយផ្សារនេះនឹងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត ព្រោះជាគោលដៅចង់រួមចំណែក ជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ជាតិ៕
មតិយោបល់