មនុស្សមួយចំនួនតែងតែមានបញ្ហាហូរឈាមតាមច្រមុះម្តងម្កាល ឬច្រើនដងក្នុងមួយជីវិត ដោយសារតែកត្តាផ្សេងៗ។ ប៉ុន្តែ ប្រសិនបើករណីស្រាលៗ អ្នកអាចធ្វើការព្យាបាលនៅផ្ទះដោយខ្លួនឯងបាន ដោយមិនចាំបាច់ទៅពេទ្យឡើយ។
វិធីព្យាបាលតាមបែបធម្មជាតិមានពីរប្រភេទ គឺត្រូវពឹងផ្អែកទៅលើខ្ទឹមបារាំង និងទឹកកក ហើយវិធីទាំងពីរយ៉ាងនេះ អ្នកអាចប្រើប្រាស់មួយណាក៏បាន ប្រសិនបើអ្នកគិតថាងាយស្រួល។
ខ្ទឹមបារាំង
ខ្ទឹមបារាំង គឺជាភ្នាក់ងារជួយជំរុញឲ្យមុខរបួសឆាប់កកឈាម ព្រោះវាមានផ្ទុកវីតាំមីន C និងសារធាតុ bioflavonoids ដែលមានសមត្ថភាពជួសជុលសរសៃឈាមដែលធ្លុះធ្លាយ។
វិធីទី១៖ កាត់ខ្ទឹមបារាំងជាចំណិតក្រាស់ៗ រួចយកមួយចំណិតដាក់ក្រោមច្រមុះ ដើម្បីស្រូបយកចំហាយរបស់វា។ ធ្វើបែបនេះ ការហូរឈាមនឹងត្រូវបញ្ឈប់ក្នុងពេលប៉ុន្មាននាទី។
វិធីទី២៖ បន្តក់ទឹកខ្ទឹមបារាំង ២ទៅ៣ដំណក់ទៅក្នុងរន្ធច្រមុះ ដែលហូរឈាម។ ប្រសិនបើមិនទាន់ឈប់ហូរឈាមទេ សូមធ្វើឡើងវិញម្តងទៀត។
ទឹកកក
ទឹកកក មានសមត្ថភាពក្នុងការបញ្ឈប់ការហូរឈាម ផ្ជិតមុខរបួសសរសៃវ៉ែន និងបន្ថយការរលាក។
វិធីទី១៖ ដំទឹកកកមួយដុំឲ្យម៉ត់ដាក់ចូលទៅក្នុងថង់ រួចស្អំពីលើខ្ទង់ច្រមុះរបស់អ្នក ហើយសង្កត់រហូតដល់ឈាមឈប់ហូរ។ ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ ភាពត្រជាក់នៃទឹកកកនឹងជួយផ្ជិតមុខរបួសឃាត់ឈាមមិនឲ្យហូរទៀតឡើយ។
ករណីដែលអ្នកត្រូវនាំអ្នកជំងឺទៅមន្ទីរពេទ្យ៖
– កុមារក្រោមអាយុ ២ឆ្នាំ
– អ្នកដែលឧស្សាហ៍ឈាមច្រមុះជាទៀងទាត់
– ការហូរឈាមច្រមុះយូរជាង ២០នាទី
– ការហូរឈាមមានលក្ខណៈធ្ងន់ធ្ងរ និងបាត់បង់ឈាមច្រើន
– ពិបាកដកដង្ហើម
ចំណាំ៖ ក្នុងកំឡុងពេលកំពុងតែហូរឈាមចម្រុះ អ្នកមិនត្រូវភ្ងើយក្បាលឡើងលើ ឬអោនដាក់ក្បាលទៅក្រោមចន្លោះជើងទាំងពីរនោះទេ ហើយអ្នក៏មិនត្រូវព្យាយាមខ្ទប់ច្រមុះដែរ៕
មតិយោបល់