យោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោក ដែលបានចេញផ្សាយក្នុងថ្ងៃនេះ បានបង្ហាញថា តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិកជាកន្លែងប្រមូលផ្តុំនូវ ប្រព័ន្ធអប់រំចំនួនប្រាំពីរ ក្នុងចំណោមប្រព័ន្ធអប់រំមានដំណើរការខ្ពស់ចំនួនដប់ នៅទូទាំងពិភពលោក ដោយក្នុងនោះប្រទេសចិន និងប្រទេសវៀតណាម បានបង្ហាញវឌ្ឍនភាពជាដុំកំភួនច្រើន ក្នុងការបង្កើនគុណភាពបង្រៀននៅតាមសាលារៀននៅក្នុងប្រទេសរៀងៗខ្លួន។
វឌ្ឍនភាពនេះ ជាសមិទ្ធផលធំធេងមួយ ដែលផ្តល់មេរៀនមានសារសំខាន់ដល់បណ្តាប្រទេសឯទៀត នៅជុំវិញពិភពលោក។
យ៉ាងណាក៏ដោយ មួយផ្នែកធំនៃតំបន់នេះនៅមានសិស្សរហូតដល់ទៅ ៦០ភាគរយ ដែលកំពុងរៀននៅតាមសាលាដែលដំណើរការខ្វះគុណភាព ក្នុងការបំពាក់ឱ្យពួកគេនូវជំនាញចាំបាច់សម្រាប់ឈានទៅសម្រេចជោគជ័យនាអនាគត។
លោកស្រី វិចតូរៀ ក្វាក្វា អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា៖ «ការផ្តល់ការអប់រំមានគុណភាពខ្ពស់ដល់កុមារ ទោះជាពួកគេកើតនៅទីណាក៏ដោយ វាមិនមែនគ្រាន់តែជារឿងត្រឹមត្រូវដែលត្រូវធ្វើនោះទេ។ វាជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចរឹងមាំ ហើយវាជាវិធីដ៏ល្អបំផុតសម្រាប់បញ្ឈប់ និងទាញថយក្រោយវិញនូវ វិសមភាពដែលកំពុងតែកើនឡើង»។
មួយភាគបួននៃកុមារគ្រប់អាយុចូលរៀននៅលើពិភពលោក – ចំនួនប្រហែល ៣៣១លាននាក់ – កំពុងរស់នៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក។
នៅក្នុងចំណោមមួយភាគបួននេះ មានរហូតដល់ទៅជិត ៤០ភាគរយ ទៅរៀននៅក្នុងប្រព័ន្ធអប់រំដែលសិស្សទទួលបានចំណេះដឹងឈានមុខជាងសិស្សធម្មតានៃប្រព័ន្ធអប់រំក្នុង បណ្តាប្រទេសជាសមាជិកនៃអង្គការដើម្បីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) ទៅទៀត។
សាលារៀនបែបនេះមិនមែនមានតែនៅក្នុងប្រទេសអ្នកមាន តួយ៉ាងប្រទេសសិង្ហបុរី សាធារណរដ្ឋកូរ៉េ និងជប៉ុន នោះទេ ប៉ុន្តែក៏មាននៅក្នុងប្រទេសមានចំណូលមធ្យមដែរ ដូចជាប្រទេសចិន និងប្រទេសវៀតណាម ជាដើម។
ប៉ុន្តែ ប្រទេសជាច្រើននៅក្នុងតំបន់នេះមិនទទួលបានលទ្ធផលដែលគេប្រាថ្នាចង់បាននោះឡើយ។ ឧទាហរណ៍ នៅប្រទេសឥណ្ឌូនេស៊ី ពិន្ទុធ្វើតេស្តបង្ហាញឱ្យឃើញថា សិស្សនៅក្នុងប្រទេសទាំងនោះរៀនយឺតជាងបីឆ្នាំបើប្រៀបទៅនឹងសិស្សស្របាលគ្នាដែលរៀនចេះស្ទាត់ជំនាញនៅក្នុងប្រទេសឯទៀតក្នុងតំបន់នេះ។ នៅក្នុងប្រទេស តួយ៉ាង កម្ពុជា និងទីម័រ ឡេស្តេ មួយភាគបី ឬលើសនេះនៃសិស្សថ្នាក់ទី២ នៅតែមិនអាចអានដាច់សូម្បីតែមួយពាក្យ ក្នុងការធ្វើតេស្តអំណាន។
ការរកឃើញជាគន្លឹះមួយទៀតរបស់របាយការណ៍នេះគឺនៅត្រង់ថា នៅទូទាំងតំបន់ ចំណូលគ្រួសារមិនបានកំណត់ថា ជាកត្តាកំណត់ជោគជ័យនៃការសិក្សាអប់រំរបស់កុមារឡើយ។ ឧទាហរណ៍ នៅប្រទេសវៀតណាម និងប្រទេសចិន (នៅទីក្រុងប៉េកាំង សៀងហៃ ខេត្តជៀងស៊ូ និងខេត្តគ័ងតុង) សិស្សមកពីគ្រួសារក្រីក្រ ទោះជាមិនពូកែជាងក៏ដោយ ក៏រៀនចេះបានល្អក្នុងមុខវិជ្ជាគណិតសាស្ត្រ និងវិទ្យាសាស្ត្រ ដូចគ្នានិងសិស្សអាយុស្របាលគ្នានៅក្នុងបណ្តាប្រទេសសមាជិកនៃអង្គការ OECD ដែរ។
របាយការណ៍នេះដាក់ចេញនូវជំហានជាក់ស្តែងមួយចំនួនសម្រាប់កែលម្អការរៀននៅក្នុងប្រព័ន្ធអប់រំដែលកំពុងមានភាពយឺតយ៉ាវ នៅក្នុងតំបន់និងនៅក្រៅតំបន់ ដោយផ្តើមចេញពីការធ្វើយ៉ាងណាឱ្យបណ្តាស្ថាប័នក្នុងប្រទេសដើរស្របគ្នា ដើម្បីឱ្យគោលបំណងនិងការទទួលខុសត្រូវនៅក្នុងប្រព័ន្ធអប់រំ មានសង្គតិភាពជាមួយគ្នា។
ក្រៅពីនេះ របាយការណ៍ក៏បានស្នើសុំផងដែរសូមឱ្យមានការផ្តោតទៅលើវិស័យគន្លឹះចំនួនបួន គឺការចំណាយសាធារណៈប្រកបដោយប្រសិទ្ធភាពនិងសមធម៌ ការត្រៀមលក្ខណៈសិស្សសម្រាប់ការរៀនសូត្រ ការជ្រើសរើសនិងការឧបត្ថម្ភគាំទ្រដល់គ្រូ និងការប្រើប្រាស់ជាលក្ខណៈប្រព័ន្ធនូវការវាយតម្លៃសម្រាប់កែលម្អការបង្រៀន។
របាយការណ៍នេះរកឃើញថា ប្រព័ន្ធអប់រំដែលមានដំណើរការល្អ ចាយថវិកាប្រកបដោយប្រសិទ្ធផលទៅលើហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងទៅលើគ្រូ មាននីតិវិធីជ្រើសរើសបុគ្គលិកសម្រាប់ធ្វើយ៉ាងណាទាក់ទាញឱ្យបានបេក្ខជនល្អបំផុតយកមកបង្រៀន និងមានរចនាសម្ព័ន្ធប្រាក់បៀវត្សរ៍មួយដែលផ្តល់រង្វាន់គ្រូបង្រៀនណាដែលបំពេញកិច្ចការបានល្អនៅក្នុងថ្នាក់រៀន។
លើសពីនេះ របាយការណ៍រកឃើញដែរថា ប្រព័ន្ធសាលារៀននៅទូទាំងតំបន់បានបង្កើនលទ្ធភាពចូលរៀនកម្រិតមត្តេយ្យ រួមទាំងសម្រាប់គ្រួសារក្រីក្រផង ហើយបានដាក់បញ្ចូលការវាយតម្លៃការរៀនរបស់សិស្សទៅក្នុងគោលនយោបាយអប់រំរបស់គេដែរ៕
មតិយោបល់