ព័ត៌មានសេដ្ឋកិច្ច

កំពង់ផែទឹកជ្រៅ នឹងកាត់បន្ថយចំណាយប្រមាណ ៤០០ដុល្លារក្នុង ១កុងតឺន័រ

កំពង់ផែទឹកជ្រៅកម្ពុជា ដែលគ្រោងនឹងសាងសង់នាពេលឆាប់ៗខាងមុខនេះ​ អាចជួយកាត់បន្ថយថ្លៃចំណាយដឹកជញ្ជូនតាមផ្លូវសមុទ្រ បានប្រមាណពី ៣០០ ដល់ ៤០០ដុល្លារអាមេរិក ក្នុង ១កុងតឺន័រ។ នេះបើយោងតាមការឲ្យដឹងពីលោក លូ គឹមឈន់ អគ្គនាយកកំពង់ផែខេត្តព្រះសីហនុ។

កំពង់ផែថ្មីនេះ អាចទទួលនាវាធំៗខ្នាតយក្សប្រមាណ ៩៣ភាគរយ មកពីជុំវិញពិភពលោក ដឹកកុងតឺន័រចូលចតបាន អាចធ្វើឲ្យតម្លៃដឹកជញ្ជូនតាមសមុទ្រនៅកម្ពុជា ចុះទាប អាចប្រហាក់ប្រហែលប្រទេសជិតខាង ហើយបរិមាណកុងតឺន័រឆ្លងកាត់ អាចលើសពី ១លានកុងតឺន័រ ក្នុងមួយឆ្នាំ។

ការកាត់បន្ថយចំណាយនេះ នឹងធ្វើឲ្យទំនិញចេញចូល កាន់តែមានការប្រកួតប្រជែង និងធ្វើឲ្យប្រសិទ្ធភាពសេដ្ឋកិច្ច កាន់តែប្រសើរឡើង។

គម្រោងកំពង់ផែទឹកជ្រៅ តម្លៃជាង ២០០លានដុល្លារអាមេរិក ដែលជាគម្រោងថ្មីរបស់រាជរដ្ឋាភិបាល នឹងលេចរូបរាងនៅខេត្តព្រះសីហនុ ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការលើកឡើងរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។

កំពង់ផែស្តង់ដារអន្តរជាតិនេះ នឹងចាប់ផ្តើមសាងសង់នៅឆ្នាំ ២០១៨ខាងមុខ ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការសិក្សារបស់ JICA។

លោកបានបន្តថា ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេស ដែលត្រូវតែមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ទាំងផ្លូវ ផ្លូវដែក និងកំពង់ផែ។

គួរបញ្ជាក់ដែរថា កំពង់ផែថ្មីនេះ មានប្រវែង ៣៥០ម៉ែត្រ និងជម្រៅ ១៤ម៉ែត្រកន្លះ គ្រោងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ ២០១៨ ហើយបញ្ចប់នៅឆ្នាំ ២០២២ ខាងមុខនេះ៕

មតិយោបល់