ព័ត៌មានសិល្បៈ និងកម្សាន្ត

បទស្នេហ៍ឯកា កម្សត់​ម្លឹងហើយ តែ​អ្នកដឹកបទនេះកំពុងជួបរឿងកម្សត់ជាងនេះទៀត​

ទន្ទឹម​នឹងទទួលបានការ​សរសើរ​ និងចាប់អារម្មណ៍ ពីទស្សនិកជន តាមរយៈបទ «ស្នេហ៍ឯកា» ដែលច្រៀង​ដោយលោក ព្រាប សុវត្ថិ នោះ អ្នកដឹកនាំបទចម្រៀងរូបនេះ កំពុងជួបភាពកម្សត់ជាងបទនេះ​ទៅទៀត ដោយឪពុកម្តាយ​របស់លោក បានឈឺព្រមគ្នា បញ្ចូនទៅព្យាបាលនៅប្រទេស​វៀតណាម ។​

លោក ជួន សុវណ្ណវាសនា ដែលគេស្គាល់យ៉ាងច្បាស់ថា ជា​អ្នកដឹកនាំសម្តែង និងសរសេរសាច់រឿង​កម្សត់ ក្នុងបទ «ស្នេហ៍ឯកា» ដែលកំពុងផ្ទុះ​លើហ្វេសប៊ុក ក៏ព្រោះ​តែសាច់រឿង​នៃចម្រៀងមួយនេះ ប្រទាក់ក្រឡា ស៊ីអារម្មណ៍​ទស្សនិកជនយ៉ាងខ្លាំង កាន់តែស្តាប់ និងមើល កាន់តែកម្សត់ រកអ្វីថ្លែងមិនត្រូវ​។​

បើទោះបីជា​បទនេះ កម្សត់ដល់ម្លឹងហើយ តែ​អ្នកដឹកនាំបទនេះ លោក ជួន សុវណ្ណវាសនា ក៏កម្សត់​ស្របពេលនឹងបទនេះផ្ទុះ ដូចគ្នា ដោយ​ឪពុកម្តាយលោក មានបញ្ហាជំងឺ​ចំណាយរាប់ពាន់ដុល្លារក្នុងមួយថ្ងៃ កំពុង​សម្រាក​នៅប្រទេស​វៀតណាម ។​

លោក សុវណ្ណវាសនា​ បានប្រាប់ Post Komsan ក៏ដូចជា Post News Media ឲ្យដឹងថា ម្តាយរបស់លោក មានជំងឺលើសឈាម និងដាច់សរសៃឈាមខួរ​ក្បាល ដោយបញ្ចូនទៅកាន់វៀតណាម ជាង​១សប្តាហ៍ហើយ ។​ អ្នកដឹកនាំសម្តែងបទខាងលើ នេះ បានបន្តថា ថ្លៃចំណាយលើម្តាយគឺមួយថ្ងៃ​ខ្ទង់​ ១ពាន់ដុល្លារ​ ហើយថ្ងៃខ្លះ ចូល​ លើសពី ១ពាន់ដុល្លារទៀត ។

អ្វីដែលកាន់តែរំជួលចិត្ត បន្ទាប់ពី ប៉ារបស់លោក បានទៅមើល​ម៉ាក របស់លោក ក៏ជួបនូវបញ្ហា​ដូចគ្នា ដោយគាត់ចេះតែខ្សោយៗ ចឹងហើយលោកក៏សម្រេច​ឲ្យពេទ្យពិនិត្យ ក៏ឃើញថា លើសជាតិស្ករ និងទឹកនោមផ្អែម ហើយ​និង​បញ្ហារលាក់ថ្លើមប្រភេទ ស៊ី ។ លោកបានបន្តថា ប៉ា​របស់លោកពេទ្យតម្រូវ​ឲ្យសម្រាក ចំនួន ៣ខែ​បានជាសះស្បើយ ។ តែទោះជាយ៉ាងណា​លោកថា ប៉ារបស់លោក មិនធ្ងន់​ធ្ងរ​ ដល់ម៉ាក​ទេ ដោយ​ម៉ាកគាត់​សម្រាកនៅ ICU ក្នុងមន្ទីរពេទ្យ ដែលខ្មែរតែងតែហៅថា ចារី ៕​
ទស្សនាវីដេអូចម្រៀង ស្នេហ៍ឯកា៖

មតិយោបល់