កប៉ាល់សាធារណៈល្បឿនលឿនចំនួន ២០គ្រឿង នឹងរត់ពីស្ពានព្រែកព្នៅ ដល់ក្រុងតាខ្មៅ ហើយត្រូវដាក់ឲ្យដំណើរការ ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមគេហទំព័ររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។
កប៉ាល់នេះ នឹងដឹកអ្នកដំណើរតាមទន្លេសាប ទន្លេចតុមុខ ទន្លេបាសាក់ ប្រតិបត្តិការចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៨ យប់ ដោយបើកបរក្នុងល្បឿន ៣០ ទៅ ៤០គីឡូម៉ែត្រ/ម៉ោង។
បើគិតជារយៈចម្ងាយគឺប្រមាណ ២៥គីឡូម៉ែត្រ (ទៅមក ៥០គីឡូម៉ែត្រ) ដោយមានចំណតអ្នកដំណើរចំនួន ៩កន្លែង ដោយមានរយៈពេលឈប់ចត ៥នាទី។
ការសាងសង់ គ្រោងនឹងចំណាយពេល ១៤ខែ ដោយផែនការគ្រោងប្រតិបត្តិការ នៅខែ មេសា ឆ្នាំ ២០១៨ខាងមុខនេះ។
ដោយសារប្រទេសកម្ពុជា សម្បូរផ្លូវទឹកខ្វាត់ខ្វែង ដូចជាទន្លេមេគង្គ ទន្លេសាប បាសាក់ សេសាន -ល- ដូច្នេះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ត្រូវតែប្រើប្រាស់ឲ្យអស់ពីលទ្ធភាព ហើយការប្រើប្រាស់កាណូតសាធារណៈនេះ គឺដើម្បីកាត់បន្ថយការកកស្ទះចរាចរ និងកាត់បន្ថយចំណាយនានា ដែលបង្កដោយការកកស្ទះចរាចរណ៍។
ការដឹកជញ្ជូនតាមផ្លូវទឹកនេះ មិនមែនត្រឹមតែដឹកអ្នកដំណើរនោះទេ គឺដឹកកសិផលទាំងអស់មកពីខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង -ល- មកកំពង់ផែភ្នំពេញ ដើម្បីឡើងកប៉ាល់ធំៗដឹកទៅបរទេស។
គួរជម្រាបដែរថា ការប្រើប្រាស់កាណូតសាធារណៈ នឹងជួយកាត់បន្ថយការចំណាយបានច្រើន ព្រមទាំងកាត់បន្ថយការកកស្ទះចរាចរណ៍ ជាពិសេសគឺ អ្នកដំណើរអាចលម្ហែ និងកាត់បន្ថយពេលវេលាធ្វើដំណើរផងដែរ៕
មតិយោបល់