ភ្នំពេញៈ ជនសង្ស័យចំនួន៣៤នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ ធ្វើការបង្ក្រាបបានពីប្លុកត្រពាំងឈូក ដកហូតបានថ្នាំញៀនមួយចំនួន។
ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង ៣០នាទីយប់ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិត្រពាំងឈូក មុខពេទ្យលោកសង្ឃ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបនេះ ធ្វើឡើង បន្ទាប់ពីទទួលបញ្ជាពី សម្តេចក្រឡាហោម ស ខេង យ៉ាងម៉ឺងម៉ាត់ ឲ្យអាជ្ញាធរខណ្ឌសែនសុខ ធ្វើយ៉ាងណាត្រូវតែបំបែកសម្បុកគ្រឿងញៀងដ៏ល្បីល្បាញជាយូរមកហើយ នៅដំបន់ភូមិត្រពាំងឈូក មុខពេទ្យលោកសង្ឃ ឲ្យអស់ត្រឹមរយៈពេល១ខែ។
បន្ទាប់ពីទទួលបទបញ្ជានេះភ្លាម ជាក់ស្តែងនៅយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដឹកនាំកម្លាំងផ្ទាល់ដោយលោក គួក សុខហួរ អធិការរងនគរបាលខណ្ឌ និង លោក មុត សុវណ្ណ នាយករដ្ឋាបាលខណ្ឌសែនសុខ រួមនិងកម្លាំងកងរាជអាវុធហត្ថខណ្ឌ ជាច្រើននាក់ទៀត បានចុះបង្ក្រាបទីតាំងជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅតំបន់ខាងលើនេះ រហូតទៅដល់២លើក ក្នុងពេលមួយម៉ោងនេះ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន៣៤នាក់ និងដកហូតថ្នាំញៀនចំនួនមួយកញ្ចប់តូច ។
គួរបញ្ជាក់ថានៅដើមឆ្នាំ២០១៧នេះ នគរបាលខណ្ឌសែនសុខ បានបើកយុទ្ធនាការឲ្យដូចភ្លៀងរលឹម ដោយចុះជាប់គ្នាទាំងយប់ទាំងថ្ងៃតែម្តង និងបានប្រមូលក្រុមក្មេងដែរតែងតែដើរចោរផ្ទះមកប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀននិងខ្លះមកលេងល្បែងស៊ីសងខុសច្បាប់ជាច្រើននាក់ហើយទោះជានៅដើមឆ្នាំ២០១៧នេះ ខាងអគ្គស្នងការនគរបាលបានដាក់គោលការត្រូវយកបញ្ហាគ្រឿងញៀន ជាបញ្ហាចម្បងក៏ដោយ តែសកម្មភាពចុះបង្ក្រាបនេះតែងតែកើតមានឡើងជារឿយៗ នៅក្នុងខណ្ឌសែនសុខនេះ។
បច្ចុប្បន្នជនសង្ស័យខាងលើរួមទាំងវត្ថុតាងត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការបន្តតាមនិតិវិធីច្បាប់៕
មតិយោបល់